ព័ត៌មានទាន់ហេតុការណ៍៖

លួចរថយន្តពីស្រុកកណ្តាលស្ទឹង ទៅជាប់អន្ទាក់នគរបាលស្រុកស្វាយអន្ទរ

ចែករំលែក៖

ខេត្តព្រៃវែង ៖ កម្លាំងផ្នែកអន្តរាគមន៍នៃអធិការរដ្ឋាននគរបាលស្រុក ស្វាយអន្ទរសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរឃាត់ខ្លួនសង្ស័យពីរនាក់ពាក់ព័ន្ធលួចរថយន្តពីចំណុចផ្លូវជាតិលេខ៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិះទៅដល់ខេត្តព្រៃវែង កាលពីវេលាម៉ោង៦និង៤0នាទីព្រឹកថ្ងៃ ចន្ទ ១៥ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចរវង់មូលស្វាយអន្ទរ ស្ថិតក្នុងភូមស្វាយអន្ទរខាងជើង ឃុំ-ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

មន្រី្តនគរបាលស្រុកស្វាយអន្ទរបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់នេះឈ្មោះ រិទ្ធ ធារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្សារកាណាឌីយ៉ា ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មុខរបរមិនពិតប្រាកដ និងឈ្មោះ រ៉ា ប៊ុនរឹទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិស្លាកែត ឃុំស្លាកែត ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។ រីឯ ម្ចាស់រថយន្ត ម៉ាក Toyota Tacoma ពណ៌ស្ករ ស៊េរីឆ្នាំ១៩៩៦ ស្លាកលេខ ភ្នំពេញ 2D-0879 (ស្លាកលេខពិត) ឈ្មោះ វ៉ាន់ សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិតាកុច ឃុំដើមឬស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

ប្រភពដដែលបន្តថា ជនសង្ស័យទាំងពីរត្រូវបានឃាត់ខ្លួនពីក្នុងករណីលួចរថយន្តខាងលើរួចផ្លាស់ប្តូរស្លាកលេខរថយន្តពិត(ភ្នំពេញ 2D-0879) ទៅជាស្លាកលេខ កំពង់ឆ្នាំង 2A-1030 ហើយបានបើកចេញពីខេត្តមកណ្តាលឆ្ពោះចេញមកកាន់ស្រុកស្វាយអន្ទរទុកលក់ ហើយក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាននៅចំណុចរង្វង់ស្វាយអន្ទរតែម្តង ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបាននាំខ្លួនមកអធិការរដ្ឋាននគរបាលស្រុកស្វាយអន្ទរដើម្បីសាកសួរដើម្បីចាត់ការតាមនីតិវិធី ៕ សហការី


ចែករំលែក៖