ព័ត៌មានទាន់ហេតុការណ៍៖

ខ្មាន់កាំភ្លើងប្រដាប់ដោយកាំភ្លើងអាកាបាញ់ម្ចាស់សិប្បកម្មលក់ទឹកសុទ្ធម្នាក់ស្លាប់នៅស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ម្ចាស់សិប្បកម្មផលិតទឹកសុទ្ធម្នាក់បានស្លាប់ បន្ទាប់ពីជនដៃដល់ម្នាក់ ប្រដាប់ដោយកាំភ្លើងអាកា បានភ្ជុងបាញ់ទៅជនរងគ្រោះបណ្តាលឲ្យប្រកាច់ស្លាប់ចូលទៅខាងក្រោមរថយន្ត ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត៨យប់ ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅភូមិ ត្រពាំងក្របៅ ឃុំ ខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះប៊ិន ហឿន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ជនសង្ស័យមានគ្នា១នាក់ ប្រដាប់ដោយកាំភ្លើងអាកា១ដើម ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលើកើតហេតុជនរងគ្រោះត្រឡប់មកពីចំការបានដើរចូលមកក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យម្នាក់ប្រដាប់ដោយកាំភ្លើងអាកា១ដើមដើរចូលមកហើយចាប់ក្រៀកភ្ជុងជនរងគ្រោះ អូសយកទៅក្បែឃ្លាំងទឹកសុទ្ធ ហើយគម្រាមឲ្យកម្មករនៅទីនោះយកលុយមកឲ្យ ប៉ុន្តែកម្មករប្រាប់ថាអត់មាននោះទេ ពេលនោះជនសង្ស័យបានភ្ជង់មកដល់ក្រោយរថយន្តរួចបាញ់តែម្តង បណ្តាលឲ្យជនរងគ្រោះប្រកាច់ស្លាប់ចូលតៅក្រោមរថយន្ត ។ ក្រោយពីបាញ់សម្លាប់ហើយខ្មាន់កាំភ្លើងគេចខ្លួនបាត់តែម្តង ដោយមិនបានយកទ្រព្យសម្បត្ថិអ្វីពីជនរងគ្រោះនោះដែ សូម្បីតែរបស់មានតម្លៃនៅជាប់និងជនរងគ្រោះ ក៏ជនសង្ស័យមិនយកដែរ ។

នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវ ស្វែងរកជនសង្ស័យ ។ បើតាមការសន្និដ្ឋានដំបូងរបស់សមត្ថកិច្ច ករណីនេះ អាជាករណីគំនុំ ៕ ចន្ថា


ចែករំលែក៖