ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋសង្កាត់ដើមមៀនចោទក្រុមហ៊ុន ING រំលោភយកដីបឹងជីភោជាង៧ហិកតា

ចែករំលែក៖

ខេត្តកណ្តាល ៖ ប្រជាសហគមន៍ ភូមិអូរជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល បានចោទប្រកាន់ក្រុមហ៊ុន ING របស់ឧកញ៉ា អឹុង ប៊ុនហូវ ថា បាន រំលោភយកដីបឹងសាធារណៈរបស់រដ្ឋអស់ទំហំជាង៧ហិកតា ដោយខុសច្បាប់ និងមិន ខ្វល់ពីផលប្រយោជន៍ប្រជាពលរដ្ឋឡើយ ទោះបីមានការតវ៉ាអស់រយ:ពេលប្រហែល៣ឆ្នាំមកហើយ នៅតែគ្មានដំណោះស្រាយ ។

លោក ហូ សុខហេង តំណាងប្រជាពល រដ្ឋក្នុងសង្កាត់ដើមមៀនបានឱ្យដឹងថា ក្រុម ហ៊ុន ING របស់លោកឧកញ៉ា អុឹង ប៊ុនហូវ បានរំលោភយកដីសហគមន៍ភូមិស្ទឹងជ្រៅជាង៧ហិកតានៅចំណុចបឹងជីភោនៅជាប់ មហាវិថីសម្ដេចតេជោ ហ៊ុន សែន ឬហៅថា ផ្លូវ៦០ម៉ែត្រដែលមានប្រជាពលរដ្ឋ៣៥០គ្រួសារបានកាន់កាប់និងអាស្រ័យផល តាំងពីឆ្នាំ១៩៨០តាមរយៈការដាំដុះដំណាំផ្សេងៗ ដូចជាព្រលឹត, ត្រកួន, កញ្ឆែត និងនេសាទត្រីនៅទីនោះជាលក្ខណៈគ្រួសារ។

តំណាងអ្នកភូមិរូបនេះបានឲ្យដឹងទៀតថា ដំបូងក្រុមហ៊ុន ING គ្រាន់តែទិញដីប្រជា ពលរដ្ឋនៅជាប់ដីបឹងមានទំនាស់ ប៉ុន្តែបែរជាបោះបង្គោលហ៊ុមព័ទ្ធរំលោភយកដីបឹងជីភោដែលអ្នកភូមិស្ទឹងជ្រៅធ្លាប់អាស្រ័យផលអស់ទំហំជាង៧ហិកតាថែមទៀត ។

ក្រុមហ៊ុនបានចាប់ផ្តើមហាមប្រជាជនមិនឲ្យចូលទៅនេសាទត្រីនិងដាំដំណាំទៀតឡើយ ដោយគំរាមកំហែងបាញ់ប្រសិនបើជនណាមួយហ៊ានចូលទៅក្នុងដីបឹងនេះ។

ដោយសារឃើញសកម្មភាពខុសច្បាប់របស់ក្រុមហ៊ុន ទើបប្រជាពលរដ្ឋបាននាំគ្នាប្ដឹងតវ៉ាទៅសង្កាត់-ក្រុង និងសាលាខេត្ត កណ្តាលរហូតដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលជាងបីឆ្នាំកន្លងមកហើយប៉ុន្តែនៅតែគ្មាន ដំណោះស្រាយឡើយ ។

ពលរដ្ឋចោទប្រកាន់ថា ក្រុមហ៊ុន ING បានឃុបឃិតជាមួយមន្ត្រីជំនាញសុរិយោដីលួចធ្វើបណ្ណកម្មសិទ្ធិចេញបណ្ណ័ដោយ អាជ្ញាធររាជធានីភ្នំពេញដែលត្រង់ចំណុចនេះប្រជាពលរដ្ឋបានសួរថា បឹងជីភោគឺស្ថិត ក្នុងដែនដីរបស់ក្រុងតាខ្មៅ ខេត្តកណ្ដាល ហេតុអ្វីបានជាគេធ្វើបណ្ណកាន់កាប់ដីធ្លី នៅរាជធានីភ្នំពេញទៅវិញ?

សូមរឭកថា កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨កន្លង អ្នកភូមិប្រមាណ៤០០ នាក់រស់នៅភូមិស្ទឹងជ្រៅសង្កាត់ ដើមមៀន ក្រុងតាខ្មៅ បានតវ៉ានៅមុខសាលា ខេត្តកណ្ដាលដើម្បីស្នើសុំអន្តរាគមន៍ជួយដោះស្រាយរឿងទំនាស់ដីធ្លីជាមួយហ៊ុន ING ដែលរំលោភយកដីសហគមន៍ភូមិ ស្ទឹងជ្រៅជាង៧ហិកតា ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយនៅឡើយទេ ។

ប្រជាពលរដ្ឋជាង៣៥០គ្រួសារបានចោទប្រកាន់ថា ក្រុមហ៊ុន ING របស់លោក ឧកញ៉ា អឹុង ប៊ុនហូវ បានរំលោភយកដីបឹង ជីភោជាង៧ហិកតាដែលអ្នកភូមិអាស្រ័យផលតាំងពីដូនតាមកនោះជាកម្មសិទ្ធិយ៉ាងរំភើយ ។

ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ មិនអាចសុំការបំភ្លឺពីភាគីក្រុមហ៊ុន ING របស់លោកឧកញ៉ា អឹុង ប៊ុនហូវ បាន ឡើយនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នេះ ចំណែកលោក បណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិ បាលខេត្តកណ្ដាលក៏មិនអាចទាក់ទងបានដែរ ៕ ហេង សូរិយា


ចែករំលែក៖