ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្ដល្បឿនលឿនគេចរថយន្ដនៅខាងមុខរេចង្កូតទៅបុករថយន្ដចតស្ងៀមបណ្ដាលឲ្យព្រះសង្ឃ១អង្គរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ រថយន្ដកាមរីឆ្លាមមួយគ្រឿងបើកបោះពួយយ៉ាងលឿនគេចរថយន្ដមួយគ្រឿងបើកនៅខាងមុខរេចង្កូតជ្រុលទៅបុករថយន្ដមួយគ្រឿងចតទុកក្បែចិញ្ចើមផ្លូវពេញមួយទំហឹង បណ្ដាលឲ្យព្រះសង្ឃ១អង្គក្នុងចំណោមព្រះសង្ឃ៣អង្គរងរបួសធ្ងន់ និងស្រ្ដីម្នាក់រងរបួសស្រាល ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកប៉ុក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ព្រះសង្ឃមួយអង្គរងរបួសធ្ងន់ព្រះនាម សេង មិត្ត ហៅម៉ៃហាំង ព្រះជន្ម៤៣វស្សា ជាព្រះចៅអធិការគង់នៅវត្តវាំងកែវ ហៅវត្តព្រែកស្បូវ ស្ថិតនៅក្នុងភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល រីឯស្រ្ដីម្នាក់ទៀតរងរបួសស្រាលឈ្មោះ ឆន ស្រីមុំ ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ធ្វើដំណើរក្នុងរថយន្ដម៉ាកតូយ៉ូតា កាមរីឆ្លាម ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2Z- 2358 បើកបរដោយឈ្មោះ ស៊ូ ដាលីណា ហៅប្រុស ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកឯរថយន្ដចតលើចិញ្ចើមផ្លូវម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-9437 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដកាមរីឆ្លាម ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង(តាខ្មៅ.ជ្រៃធំ)ដោយល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ បានគេចពីរថយន្ដមួយគ្រឿងបើកច្រាស់ទិសគ្នានៅខាងមុខក៏រេចង្កូតទៅបុករថយន្ដមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-9437 ដែលចតនៅលើចិញ្ចើមផ្លូវពេញមួយទំហឹង បណ្ដាលឲ្យព្រះសង្ឃមួយអង្គរងរបួសធ្ងន់ និងស្រ្ដីម្នាក់រងរបួសស្រាល ដោយឡែកចំពោះព្រះសង្ឃ២អង្គរួមជាមួយនិងអ្នកបើករថយន្ដនោះពុំទទួលរងរបួសទេ ។ ក្រោយពីមានហេតុការណ៍កើតឡើង ព្រះសង្ឃរងរបួសធ្ងន់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំពោះរថយន្ដទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងនិងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ករណីខាងលើនេះគឺបណ្ដាលមករថយន្ដម៉ាកតូយ៉ូតូកាមរីឆ្លាម បើកបរមិនប្រយ័ត្ន លើសល្បឿនកំណត់ ទើបបណ្ដាលឲ្យជ្រុលចង្កូតទៅបុករថយន្ដមួយគ្រឿងចតលើចិញ្ចើមផ្លូវ បណ្ដាលរងរបួសធ្ងន់បែបនេះ ៕ ស្អាងជ័យ


ចែករំលែក៖