ខេត្តស្វាយរៀង៖ ផ្ទះមួយខ្នងត្រូវដួលរលំប៉ើងដំបូលខូចខាតទាំងស្រុង ខណៈដែលមានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងធ្វើឲ្យម្ចាស់ផ្ទះមានការភ័យខ្លាចគ្រប់ៗគ្នា រត់ចេញទាំងព្រលឹងចុងសក់ សំណាងមិនមានមនុស្ស និងសត្វរងរបួសគ្រោះថ្នាក់នោះទេ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិខាងកើតវត្ត ឃុំត្នោត ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ខោល បេ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
ប្រភពបន្តថា ចំពោះផ្ទះដែលដួលរលំ និងរបើកដំបូលមានទំហំ៤,៥ម៉ែត្រគុណ៦,៥ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ខូចខាតទាំងស្រុង។
បើតាមម្ចាស់ផ្ទះមានឈ្មោះ ខោល បេ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ និងក្រុមគ្រួសារបានហូបបាយពេលយប់រួចរាល់ហើយក៏បាននាំគ្នាឡើងទៅលើផ្ទះគេងដូចសព្វដង ស្រាប់តែនៅវេលាម៉ោង៩និង៣០នាទីយប់ មានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងទើបធ្វើឲ្យគាត់ និងក្រុមគ្រួសារមានការភិតភ័យនាំគ្នាចុះមកខាងក្រោមដើម្បីរកទីទួលមានសុវត្ថិភាព បន្ទាប់មក ផ្ទះក៏បានដួលរលំ និងបើងដំបូលឮសូរក្ឌាំងគួរឲ្យរន្ធត់។
ប្រភពបន្តថា នេះពិតជាសំណាងហើយដែលក្រុមគ្រួសារបានរត់ចេញពីលើផ្ទះទាន់ពេលវេលា កុំអីមិនដឹងមានរឿងអ្វីកើតឡើងនោះទេ ខណៈសម្ភារមានការខូចខាតផងដែរ ៕ យឹម សុថាន