ខេត្តព្រៃវែង ៖ មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារក៏ដូចជាអ្នកភូមិនាំគ្នាជួយសង្គ្រោះ ខណៈដែលបុរសវ័យចំណាស់ម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ បន្ទាប់ពីតខ្សែភ្លើងនៅលើផ្ទះ អូសទៅដាក់ម៉ូទ័របូមទឹកនៅមាត់ទន្លេ ហើយមិនបានប្រយត្ន័ធ្វើឲ្យឆ្លងចរន្តភ្លើង បណ្តាលឲ្យឆក់កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមាត់ទន្លេតូច ក្នុងភូមិរកាធំ ឃុំនិងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុង អូន អាយុ៦៨ឆ្នាំ មានទីលំនៅក្បែរកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុនោះជន រងគ្រោះបានឡើងតខ្សែភ្លើង ចេញពីកុងតាក់ភ្លើងក្នុងផ្ទះ អូសខ្សែទៅដាក់ភ្ជាប់ដុំម៉ូទ័របូមទឹក ដែលស្ថិតនៅមាត់ទន្លេ កន្លែងកើតហេតុក្នុងគោលបំណងដើម្បីបូមទឹក ប៉ុន្តែក្នុងពេលកំពុងតភ្ជាប់ខ្សែភ្លើងជាមួយដុំម៉ូទ័រនោះ ខ្សែភ្លើងបានប៉ះនិងទឹកបណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ហើយជនរងគ្រោះមិនបានដឹង ពេលទៅកាន់ចំខ្សែភ្លើងនោះ ក៏ធ្វើឲ្យឆក់ដួលស្លាប់នៅហ្នឹងកន្លែងភ្លាមៗតែម្តង។
នៅពេលកើតហេតុភ្លាមគ្មាននរណាបានដឹង រហូតដល់ប្រហែលជា១៥នាទីក្រោយមក ទើបមានកូនចៅជនរងគ្រោះបានឃើញ ដឹងថាជនរងគ្រោះត្រូវចរន្តភ្លើងឆក់ ទើបឡើងទៅផ្តាច់ខ្សែភ្លើងនៅលើផ្ទះ ស្រែកហៅអ្នកភូមិជួយធ្វើចលនាបេះដូងឲ្យជនរងគ្រោះ ប៉ុន្តែអកុសលមិនអាចជួយសង្គ្រោះបាននោះទេ ខណៈដាច់ខ្យល់ស្លាប់ទៅហើយ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យសាកសព និងកន្លែងកើតហេតុ ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតមែន ទើបប្រគល់សាកសពឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន