ព័ត៌មានទាន់ហេតុការណ៍៖

បុរសអនាថាម្នាក់ដេកប្រកាច់មិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនអនាថាម្នាក់បានដេកប្រកាច់ដង្ហើមចង្រិត និងត្រូវបានអ្នកភូមិប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅវាលស្រែវត្តត្រពាំងឈូក ស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសរូបនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ មានអាយុប្រហែលជាង៣០ឆ្នាំ ដែលសង្ស័យថាជាជនអនាថា ហើយការដែលគាត់ប្រកាច់និងសន្លប់នេះមិនទាន់ត្រូវបានគេដឹងថា បណ្ដាលមកពីអ្វីពិតប្រាកដនៅឡើយទេ ។ ក្រោយមកនគរបាលបានហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ចុះទៅដឹកយកជនរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងខណៈនោះមានអ្នកទៅចោមរោមមើលច្រើនដែរ ប៉ុន្តែអត់មានអ្នកស្គាល់បុរសនេះទេ ហើយកាលពីវេលាល្ងាចថ្ងៃទី១៩ ខែឧសភា គេបានឃើញបុរសនេះអង្គុយតែម្នាក់ឯងនៅមុខវត្តត្រពាំងឈូកនោះ ។ ក្រោយមកមិនដឹងថា គាត់មានបញ្ហាអ្វីកើតឡើងនោះឡើយ លុះដល់វេលាព្រឹកថ្ងៃទី២០ ខែឧសភា ខណៈពេលដែលពួកគាត់ធ្វើដំណើរឆ្លងកាត់តាមនោះទើបប្រទះឃើញបុរសនេះដេកប្រកាច់បាត់ទៅហើយ ។

ប្រភពដដែលបានបន្តទៀតថា ពេលនោះពួកគាត់បានរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើល រួចសែងបុរសនេះពីកណ្ដាលវាលស្រែមកដាក់ជិតផ្លូវបន្ទាប់មកទើបហៅរថយន្តសង្គ្រោះអង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗតែម្ដង ៕ សុខាសែនជ័យ


ចែករំលែក៖