ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៣នាក់ត្រូវគេធាក់ម៉ូតូដួលចូលក្រោមរថយន្តRANGE ROVER បណ្ដាលឲ្យរបួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ក្នុងចំណោមគ្នា៣នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នា ហើយត្រូវបានម៉ូតូឌ្រីមសង់ដេញវាយពីក្រោយហើយធាក់ឲ្យដួលម៉ូតូចូលក្រោមរថយន្ត RANGE ROVER រងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់។

ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូល ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស៣នាក់ជិះម៉ូតូវ៉ែវមួយគ្រឿងមិនមានស្លាកលេខ បានជិះម៉ូតូឌុបគ្នាពីត្បូងទៅជើង ក្នុងល្បឿនលឿន ដោយមានគេដេញតាមក្រោយ2ទៅ3ម៉ូតូ ផងដែរ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ត្រូវឌ្រីមសង់មួយគ្រឿងធាក់ម៉ូតូរងគ្រោះឲ្យដួលចូលក្រោមរថយន្ត RANGE ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2H-0088 ដែលបើកដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល ។ ភ្លាមនោះដែរ ជនរងគ្រោះដែលរបួសធ្ងន់ ក៏ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះ ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងឲ្យភាគីរថយន្តនិងម៉ូតូដោះស្រាយគ្នា ដោយសារខាងម៉ូតូមិនមានលុយសង និងរងរបួសត្រូវគេដេញវ៉ៃផង ទើបភាគីខាងរថយន្តសុខចិត្តមិនទារសំណង រួចក៏ចែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ៕ សុខាសែនជ័យ

 


ចែករំលែក៖