ខេត្តកំពង់ធំ៖ នៅថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៣និង៥នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកឡង់គ្រីស័រសេរីចាស់ ពណ៌ខ្មៅ បុកជាមួយរថយន្តកូរ៉េ ពណ៌សស្លាកលេខគ្មានបើកបរក្នុងទិសដៅពីជើងទៅត្បូង ត្រង់ចំណុចលើស្ពានត្បូងចាម លើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
អ្នកបើកបររថយន្តឡង់គ្រីស័រមិនស្គាល់អត្តសញាណបើករត់គេច ឯអ្នកបើកបររថយន្តកូរ៉េ ឈ្មោះ ស្រេង គឹមឈួន ភេទប្រុស អាយុ៣០ឆ្នាំ (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)មុខរបបអាជីវករលក់ទុរេន រស់នៅភូមិកូនជ្រែន ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។
ករណីនេះបណ្តាលឲ្យខូចរថយន្ត១គ្រឿង និងស្លាប់មនុស្ស១នាក់ ឯវត្ថុតាងរថយន្តលក់ផ្លែធូរេនរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល។ មូលហេតុ បឋមបង្កដោយអ្នកបើកបររថយន្តលក់ផ្លែទុរេនបើកបរមិនប្រកាន់ស្តាំ ៕ ប៊ុន រិទ្ធី