ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះបាញ់លាងសម្អាតការ៉ូឡា នៅលើសួនឧទ្យានសានដរ័សុន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៤ល្ងាច លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះបាញ់លាងសម្អាតការ៉ូឡា នៅលើសួនឧទ្យានសានដរ័សុន (សួនគោរព្រៃ) ក្រោយពីការបញ្ឈប់នូវការមកតាំងលក់ដូរ ដូចជាបាយទឹកនំចំណីអាហាររួមទាំងរបស់របរក្មេងលេងមួយចំនួន របស់បងប្អូនប្រជាពលរដ្ឋ នៅលើការ៉ូឡាឧទ្យាន ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងរបៀបរៀបរយយ៉ាងខ្លាំងនោះ ។

សួនឧទ្យានសានដរ័សុន (សួនគោរព្រៃ) ដែលអាជ្ញាធរខណ្ឌដូនពេញ ចុះមកសម្អាតអនាម័យឲ្យបរិស្ថានល្អឡើងវិញនោះ ស្ថិតនៅខាងជើងរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ នឹងជាពិសេសទៀតស្ថិតខាងមុខមន្ទីរពេទ្យគន្ធបុប្ផា៤ នៅផ្លូវលេខ៩០ កែងផ្លូវលេខ៤៧ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ក្នុងប្រតិបត្តិការនោះដែរ លោកអភិបាល ក៏បានបញ្ជាឲ្យកម្លាំងប្រជាការពារខណ្ឌ បាញ់ទឹកលាងសម្អាតកាកសំណល់ ក្លឹនឆ្អាប ឆ្អេ នឹងការប្រឡាក់ធ្យូង ខ្លាញ់ និង ដី ជាប់នៅលើការ៉ូឡា ដែលសល់ពីការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋនៅទីតាំងនោះ ។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូន បានប្រាប់ថា នៅទីតាំងឧទ្យានសានដរ័សុន (សួនគោរព្រៃ)នេះ ត្រូវបានរដ្ឋបាលខណ្ឌ បញ្ឈប់ទាំងស្រុង នូវការលក់ដូររបស់បងប្អូនអាជីវករ ដោយសារកន្លងមក មានភាពអនាធិបតេយ្យ លក់ដូរគ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ មិនចូលរួមថែរក្សាអនាម័យបរិស្ថាន ក្រោយពីការលក់ដូររួច បានបន្សលនូវក្លឹនឆ្អាប ការ៉ូឡាប្រឡាក់ធ្យូង ខ្លាញ់ ព្រមទាំងដាក់សម្ភារៈលក់ដូរគ្មានរបៀបរៀបរយគ្មានសណ្តាប់ធ្នាប់ ។

លោកអភិបាលខណ្ឌ បានបញ្ជាក់ទៀតថា ជាពិសេសទៀតនោះ ការឈប់ចតរបស់បងប្អូនដែលមកហូបអាហារគ្មានសណ្តាប់ធ្នាប់ បង្កការកកស្ទះយ៉ាងខ្លាំងដល់អ្នកធ្វើចរាចរឆ្លងកាត់ ជាពិសេស ស្ទះដល់រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ចឹងហើយនៅទីនេះ រដ្ឋបានខណ្ឌដូនពេញ មិនអនុញ្ញាតឲ្យមានការមកតាំងលក់ដូរដូច្នេះតទៅទៀតឡើយ ចឹងហើយលោកអភិបាលខណ្ឌសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ នឹងចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ៕ ស តារា


ចែករំលែក៖