ភ្នំពេញ៖ នៅថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ ករណីអំពើលួច (លួចយកលុយ) នៅចំណុចក្នុងផ្ទះម៉ាស្សាគ្មានយីហោ ផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យចំនួន០២នាក់ រួមមាន ៖ ១-ឈ្មោះ កង វុធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ហាងម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។ ២-ឈ្មោះ លន់ សុភី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរម៉ាស្សាកោសជប់ ស្នាក់នៅហាងម៉ាស្សា ផ្លូវ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ជនរងគ្រោះចំនួន០១នាក់ ឈ្មោះ សុខ ឈឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិបន្ទាយរកា ឃុំក្រាំដីវាយ ស្រុកភ្នំស្រួច ខេត្តកំពុង់ស្ពឺ ។
សម្ភារៈបន្សល់ទុក ៖ លុយដុល្លារចំនួន៦០០ដុល្លារប្រគល់ឲ្យជនរងគ្រោះវិញ ។
មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរពពីខេត្តកំបង់ស្ពឺ មកលេងផ្ទះបងប្អូននៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយមានអាការៈមិនសូវស្រូវខ្លួន ជនរងគ្រោះបានចូលទៅកន្លែងម៉ាស្សាកោសជប់នៅចំណុចកើតហេតុខាងលើ ពេលជនរងគ្រោះកំពុងកោសខ្យល់ បានឃើញមនុស្សស្រីចំនួន០១នាក់ មិនស្គាល់អត្តសញ្ញាណ កំពុងឈរក្បែរខោរបស់ជនរងគ្រោះដែលដាក់ព្យួរនៅក្បែរទ្វាជាប់ជញ្ជាំងរួចចេញទៅបាត់ ដោយមានការសង្ស័យជនរងគ្រោះបានក្រោកមកមើលលុយក្នុងហោប៉ៅខាងក្រោយ មានចំហឡេវខោបាត់លុយដុល្លារពិតចំនួន៦០០ដុល្លារ ហើយឃើញមានលុយសែនក្រដាស ១០០ដុល្លារ ចំនួន៦ស្លឹក (៦០០ដុល្លារលុយសែន) នៅក្នុងហោប៉ៅខោ រួចជនរងគ្រោះបានមកប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ដើម្បីសុំជួយអន្តរាគមន៍ បន្ទាប់មកសមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យទាំង ០២នាក់ យកមកសាសួរនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ចំណែកជនដៃដល់គេចខ្លួន ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុង សីហា