ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តប៉ៃលិនអបអរសាទរ ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញ​ជាអធិបតី នៅក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន ចំនួន ១២៦នាក់ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនិតិសប្បទាខេត្តប៉ៃលិន ដើម្បីអបអរសាទរ ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា នៅ​ក្នុងឱកាសនោះផងដែរ ក៍មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ មន្ទីរជំនាញជុំវិញខេត្តជាច្រើននាក់ផងដែរ។

លោក សាក់ សាមឿន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទាខេត្តប៉ៃលិន បាន​អាន​សារលិខិតជូនពររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ជូនបងប្អូន​អតីត​យុទ្ធជន និងជនរួម​ជាតិបានជ្រួតជ្រាបពី​គំរូ​វីរៈ​ភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរៈយុទ្ធជន វីរៈ​យុទ្ធ​​នារី នៃកងកម្លាំង​ប្រដាប់អាវុធ និងប្រជាពលរដ្ឋ​គ្រប់រូបដែលធ្វើពលិកម្មយ៉ាងអង់អាចក្លាហានដោយ​សាច់​ស្រស់ ដើម្បីបុព្វហេតុ​មាតុ​ភូមិជាទីសេ្នហានៃយើង ។

មានមតិ​សំណេះសំណាលក្នុងអង្គពិធីនាឱកាសនោះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា៖ ការរៀបចំអបអរទិវាអតីតយុទ្ធជនកម្ពុជា​នាពេលនេះ គឺជាព្រឹត្តិការណ៍​ជាតិដ៏សំខាន់មួយ សំដៅ​ធ្វើឲ្យប្រជាជនកម្ពុជា​គ្រប់​រូបចងចាំនូវពលីកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានចំពោះ​យុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិ​ទាំង​ឡាយ ដែលបានធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ​មាតុភូមិ និងប្រជាជននៅ​គ្រប់ដំណាក់កាល ។

លោក បានមានប្រសាសន៍បន្ត​ទៀតថា៖ ប្រទេសកម្ពុជា​បានឆ្លងកាត់​នូវ​សង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលបានបំផ្លិចបំផ្លាញសង្គមជាតិខ្ទេចខ្ទីដល់ឬសគល់ ព្រមទាំងបានបន្សល់ទុក​នូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍​ជន ជនបាត់បង់សមត្ថភាពការងារ និង​គ្រួសារ​​យុទ្ធជនពលី មរណៈជាច្រើន ហើយចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលបានគិត​គូ​ដល់​សុខ​​ទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍមូលដ្ឋាន សម្ភារៈ ជីវភាព ការចុះសួរសុខទុក្ខដល់អង្គភាព ។

ដោយឡែក​ចំពោះអតីតយុទ្ធជន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់នូវការឧបត្ថម្ភគាំទ្រជាច្រើន និងបាន​កសាងផ្ទះជូនអតីតយុទ្ធជនក្រីក្រ តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជាបានរាប់រយខ្នងនៅតាមសហគមន៍ និងផ្តល់​អំណោយសប្បុរសធម៌​ដល់អតីតយុទ្ធជនជាច្រើនទៀត ។ ទន្ទឹមនឹងនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា ក៏​ដូចជា​​អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនានា បានផ្តល់អាទិភាពដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងការទទួលបាន​នូវសេវាសាធារណៈផ្សេងៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ។

លោក ផាន់ ចាន់ធុល បានមានប្រសាសន៍បញ្ជាក់ថា៖ ជាមួយនឹងសមិទ្ធិផលដ៏ធំធេងដែលសម្រេចបាន លើវិស័យសុខុមាលភាពអតីតយុទ្ធជន និងវឌ្ឍនភាព នៃសមាគម​អតីតយុទ្ធជនយ៉ាងណាក៏ដោយ ក៏បងប្អូន​អតីតយុទ្ធជននៅមានឧបសគ្គជាច្រើន តម្រូវឲ្យយើងត្រូវតែយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទាំងនោះ​ជា​បន្ត​បន្ទាប់ ដោយបន្តពង្រឹង និងពង្រីកសេវាបណ្តុះបណ្តាលជំនាញ និងឥទានជាដើម ដើម្បីឲ្យបងប្អូនអតីត​យុទ្ធជន​ទទួលបាននូវសមត្ថភាព និងលទ្ធភាព ដើម្បីអភិវឌ្ឍន៍ជីវភាពឲ្យ​កាន់តែប្រសើរឡើង​បន្ថែម​ទៀត ។ ក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានឧបត្ថម្ភថវិកាដល់អតីត​យុទ្ធជន ចំនួន ១២៦នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិការ ចំនួន ២ម៉ឺនរៀល។

បើតាមរបាយការណ៍របស់លោក អ៊ិត ពេន អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទា​ខេត្តប៉ៃលិន បច្ចុប្បន្ននេះ អតីត​យុទ្ធ​ជននៅខេត្តប៉ៃលិន មាន ចំនួន ១៣៣២ នាក់ ក្នុងនោះគ្រួសារពលី មានចំនួន ១៧៧គ្រួសារ ជនមរណៈមានចំនួន ៧១នាក់ ជនពិការមានចំនួន ៦៧៧នាក់ និវត្តន៍ជន មានចំនួន ៣៩១នាក់ និងជនបាត់បង់សម្បទាចំនួន ១៦នាក់ ៕ ស សរ៉េត


ចែករំលែក៖