ខេត្តកំពង់ស្ពឺ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ តាមរយៈការទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ និងតាមរយៈការចាប់ដៃ ឱប ថើប និង ថតរូប Selfie ជាមួយសម្តេច គឺបានបង្ហាញនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ក្មួយៗមកលើរូបសម្តេច ។
សម្តេចបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ យ៉ាងដូច្នេះថា៖
«ថ្ងៃនេះ ពូសប្បាយរីករាយ និងរំភើបខ្លំាងណាស់ ដែលបានមកជួបក្មួយៗកម្មករផ្ទាល់នៅទឹកដីកំពង់ស្ពឺនេះ។ តាមរយៈការទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ និងតាមរយៈការចាប់ដៃ ឱប ថើប និង ថតរូប Selfie ជាមួយពូ គឺបានបង្ហាញនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ក្មួយៗមកលើរូបពូ។
ពូក៏សប្បាយចិត្តខ្លាំងណាស់ដែរ ដែលបានឃើញក្មួយៗមានសុខភាពល្អ មានការងារធ្វើជាប់លាប់ល្អ និងទទួលបាននូវអត្ថប្រយោជន៍ល្អៗជាច្រើនថែមទៀត។
ខេត្តកំពង់ស្ពឺមកទល់ពេលនេះគឺមានកូនក្មួយកម្មករធ្វើការជាង ៩៨,២១៣នាក់ និងមានរោងចក្រ ២២៥ ដែលបាននាំមកនូវប្រាក់ចំណូលជាង ២២០លានដុល្លារក្នុងមួយឆ្នាំៗ។ អ្វីៗដែលយើងមានមកទល់ពេលនេះ គឺដោយសារប្រទេសយើងមានសុខសន្តិភាព។ គ្មានអ្នកវិនិយោគទុនណា មកវិនិយោគក្នុងប្រទេសដែលមានសង្រ្គាមទេ។
ដើម្បីរក្សាការពារសន្តិភាពអោយខានតែបាន សូមកូនក្មួយបោះឆ្នោតអោយ “គណបក្សប្រជាជន” ដើម្បីពូមានឱកាសដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន»៕