ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ទំនប់ទឹក ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្រោយពីរកឃើញប្រដាប់កាច់កម៉ូតូមួយចំនួន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក បានឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត ឈានចូលថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៤០២ ក្បែររបងស្ថានទូតចិន ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក្រោយពីពួកគេលាក់ប្រដាប់កាច់កម៉ូតូ និងកូនសោខ្សៀមួយចំនួនតាមខ្លួន ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ ទី១មានឈ្មោះ ជា ហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបកម្មករលើកបន្លែនៅផ្សារដើមគរ ស្នាក់នៅម្ដុំផ្សារដើមគរ ខណ្ឌទួលគោក ទី២មានឈ្មោះ សួស រ៉េត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបកម្មករលើកបន្លែនៅផ្សារដើមគរ ស្នាក់នៅក្រោយមន្ទីរពេទ្យរុស្សុី និងទី៣ ឈ្មោះសំរិទ្ធ ទូរ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបបរមិនពិតប្រាកដ ស្នាក់នៅម្ដុំឈូកទិព្វ ខណ្ឌទួលគោក ។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឈានទៅដល់ការឃាត់ខ្លួនជសង្ស័យទាំង៣នាក់ខាងលើ គឺកម្លាំងនគរបាលទំនប់ទឹកកំពុងជិះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ និងការពាសុវត្តិភាពជូនប្រជាពរដ្ឋក្នុងមូលដ្ឋាន ហើយក៏ប្រទះឃើញជនសង្ស័យ៣នាក់ជិះម៉ូតូ១គ្រឿង ម៉ាកFZ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1BA-1128 កំពុងធ្វើដំណើរតាមបណ្ដោយផ្លូវ៤០២ ទិសដៅពីជើងទៅត្បូង ដោយមានការសង្ស័យ ក៏បានជិះម៉ូតូដេញតាមកាក់ឲ្យឈប់ហើយបានឆែកឆេរ ស្រាប់រកឃើញដែកចុងស្រួចប្រដាប់កាច់កម៉ូតូ និងកូនសោរមួយចំនួនរួចក៏ឃាត់យកមកប៉ុស្តិ៍តែម្ដង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលទំនប់ទឹក និងធ្វើកំណត់ហេតុកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖