ភ្នំពេញ៖ ក្រុមអ្នកញៀនល្បែងសុីសង (បញ្ជល់មាន់) ៧នាក់រួមទាំងវត្ថុតាងមួយចំនួន ត្រូវនគរបាលខណ្ឌសែនសុខបញ្ជួនទៅតុលាការបន្ទាប់ពីបញ្ចប់ការសាកសួរ នៅព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។
គួររំលឹកផងដែរថា លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៧នាក់ រួមទាំងវត្ថុតាងមួយចំនួន កាលពីថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅក្នុងដីឡូតិ៍ទុកចោលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ យកមកសាកសួរបន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចខាងលើមានការបើកលេងល្បែងស៊ីសងភ្នាល់បញ្ជល់មាន់។
ជនសង្ស័យដែលឃាត់ខ្លួនទាំង៧នាក់នោះ ទី១-ឈ្មោះ ប៉ិន សុភ័ក្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរលក់រថយន្ត ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទី២-ឈ្មោះ ចាន់ ឆលីហៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទី៣-ឈ្មោះ ពិន មករា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទី៤-ឈ្មោះ លី ណូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខែ្មរ មុខរបរលក់អុស ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទី៥-ឈ្មោះ ពៅ អៀង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខែ្មរ មុខរបរជួសជុលរថយន្ត ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ទី៦-ឈ្មោះ អុល សុខគ្រីម ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខែ្មរ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិកណ្តុល ឃុំជង្រក់ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ ទី៧-ឈ្មោះ ជា សិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ជាមួយគ្នានោះ សមត្ថកិច្ចបានរឹបអូសមាន់ជល់១ក្បាល, ប្រាក់រៀលចំនួន ៣០៥.០០០រៀល និងម៉ូតូ៣គ្រឿង៕ តុង សីហា