ភ្នំពេញ៖ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត ជាថ្មីម្តងទៀតអាជ្ញាធរខណ្ឌច្បារអំពៅ ដែលមានលោកចេង មុនីរ៉ា ជាអភិបាលខណ្ឌបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំបោះចោលសំរាមពាសវាលពាសកាលព្រោះធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន បាត់បង់សណ្តាប់ធ្នាប់ ។
ដោយមានការណែនាំពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ លោករស់ សុភ័ក្តិ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះសម្អាតបរិស្ថានប្រមូលកាកសំណល់ផ្សេងៗ ដែលប្រជាពលរដ្ឋបោះចោលនៅលើផ្លូវជាតិលេខ១ និងនៅចំនុចគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ដែលពោរពេញទៅដោយសំរាម ។
ក្នុងយុទ្ធនាការសម្អាតបរិស្ថាននេះដែរគឺជាការពន្ញាក់ស្មារតីដល់ប្រជាពលរដ្ឋកុំបោះចោលសំរាមនិងកាកសំណល់ផ្សេងៗនៅតាមទីធ្លាសាធារណៈ ត្រូវវេចខ្ចប់ ញែកសំរាមឲ្យបានត្រឹមត្រូវនិទុកដាក់នៅកន្លែង ដែលអាជ្ញាធរបានកំណត់ ព្រោះងាយស្រួលដល់ក្រុមការងារប្រមូលសំរាមចុះទៅប្រមូលដាក់រថយន្តដឹកសំរាម សូមកុំបោះចោលពាសវាលពាសកាលតទៅទៀតព្រោះធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងបរិស្ថាន ។
ជាមួយគ្នានេះលោករស់ សុភក្តិ អភិបាលរងខណ្ឌ សូមអំពាវនាវដោលទទូចដល់ប្រជាពលរដ្ឋ សូមកុំយកសំរាមនិងកាកសំណល់ផ្សេងៗទៅបោះចោលតាមទីសាធារណៈត្រូវទុកដាក់នៅតាមកន្លែង ដែលអាជ្ញាធរបានកំណត់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុនស៉ីនទ្រីចុះទៅប្រមូល មួយផ្នែកទៀតមិនធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានឡើយ ការធ្វើបែបនេះមានន័យថាបងប្អូនប្រជាពលរដ្ឋបានចូលរួមជាមួយអាជ្ញាធរក្នុងការថែរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់ ៕ សណ្តោស