ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលនៅមន្ទីពេទ្យភ្លាមៗ ក្រោយពីបើករថយន្តកាមរីបាឡែនទាំងស្រវឹងស្រា ទៅបុកដើមផ្កា និងបង្គោលភ្លើងរដ្ឋនៅចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ១៩៩ កែងផ្លូវលេខ៣៨៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-3000 បើបរដោយបុរសម្នាក់ដែលមានស្ថានភាពស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៩៩ ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំនុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុកដើមផ្កាបាក់ជាច្រើនដើម និងបុកបង្គោលភ្លើងរដ្ឋនៅចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាតតិចតួច ឯរថយន្តបង្កបានដាច់កាឡេកង់មុខ ផ្នែកខាងឆ្វេង រងការខូចខាតយ៉ាងដំណំ ព្រមទាំងបង្កឲ្យអ្នកបើកបរផ្លោងបោកក្បាលនឹងកញ្ចក់រថយន្ត រងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុភ្លាមៗ អ្នកបើកបរដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលនៅមន្ទីពេទ្យឯកជន ។ ចំណែករថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋានទទួលផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែង ប្រគល់ឲ្យជំនាញចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ