ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ និងបំពាក់ឋានន្តរសក្ដិជូននាយទាហាននៃកងរាជអាវុធហត្ថខេត្តស្វាយរៀង៣៣រូប

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ និងបំពាក់ឋានន្តរសក្ដិជូននាយទាហាននៃកងរាជអាវុធហត្ថខេត្តស្វាយរៀង៣៣រូប ។

ក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីសំណាក់អស់លោក មេបញ្ជាការង មេបញ្ជាការក្រុង ស្រុក មន្ទីរ ការិយាល័យ អស់លោក នាយទាហាន ពលទាហាន ចំណុះឲ្យកងរាជអាវុធហត្ថខេត្តស្វាយរៀង ។

ឧត្តមសេនីយ៏ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានផ្ដាំផ្ញើ សាកសួរសុខទុក្ខនឹករលឹកពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដល់នាយទាហាន ពលទាហានទាំងអស់ ។

លោកក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះអស់លោកមេបញ្ជាការង ក៏ដូចជាកងរាជអាវុធហត្ថខេត្តស្វាយរៀងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយឆន្ទៈស្មោះត្រង់ តស៊ូពុះពារគ្រប់ឧបសគ្គ គ្រប់លំបាក និងមានសេចក្ដីក្លាហាន ហ៊ានលះបង់គ្រប់បែបយ៉ាងក្នុងការរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈទប់ស្កាត់ ស្រាវជ្រាវបង្ក្រាបរាល់បទល្មើសចូលរួមសហការពង្រឹងការអនុវត្តច្បាប់ ជាពិសេសជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។

លោកបានបន្ថែមទៀតថា អស់លោក ដែលទើបតែបានទទួលមុខងារថ្មី និងតម្លើងឋានន្តរសក្ដិ ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឲ្យកាន់តែប្រសិទ្ធភាព ហើយត្រូវមានអត្តចរិកសុភាពរាបសារ និងក្រមសីលធម៌ល្អ ។

លោកក៏បានជំរុញដល់មន្ត្រីក្រោមឱវាទត្រូវបន្តខិតខំស្រាវជ្រាវ និងបង្ក្រាបរាល់បទល្មើសផ្សេងៗ និង ក្ដាប់ឲ្យបាននូវមុខសញ្ញាសង្ស័យពាក់ព័ន្ធ ដើម្បីទប់ស្កាត់ ពិសេសការបង្រ្កាបជួញដូរ ចរាចរ និងចែកចាយគ្រឿងញៀន និងត្រូវបន្តផ្សព្វផ្សាយខ្លឹមសារអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឲ្យបានទូលំទូលាយ និងការកៀងគរប្រមូលផ្ដុំឲ្យមានការចូលរួម សហការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ គ្រឹះស្ថានឯកជន ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ខារ៉ាអូខេ ក្លឹបកម្សាន្ត ឲ្យមានសកម្មភាពផុលផុសថែមទៀត នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន សំដៅកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់អវិជ្ជមាន និងការគំរាមកំហែងនានា ដែលបង្កឡើងដោយគ្រឿងញៀន និង ត្រូវចាត់វិធានការការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ វិធានការការពារគ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ ឲ្យបានម៉ត់ចត់ ដើម្បីធានាការពារសុវត្ថិភាព សេចក្ដីសុខសាន្ត និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងពិធីធំៗបានល្អប្រសើរនាពេលកន្លងមកផងដែរ ៕ យឹម សុថាន


ចែករំលែក៖