ភ្នំពេញ៖ លូមួយកន្លែង ដែលក្រមការងារបច្ចេកទេសជីកកប់តាមបណ្តោយផ្លូវបេតុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា តភ្ជាប់ពីផ្លូវលេខ៣៦៩ទៅកាន់ផ្លូវបេតុងមួយខ្សែក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ពេលនេះបានរងនូវការខូចខាតជាបណ្តើរៗ ជាពិសេសគម្រប់លូតែម្តងបានបាក់បែកប្រឈមមុខនឹងការគ្រោះថ្នាក់គ្រប់ពេលវេលា ប្រសិនបើអ្នកបើកបរមិនមានការប្រុងប្រយ័ត្ន ។
ដើម្បការពារសុវត្ថិភាពអ្នកដំណើរប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជិតកន្លែងគម្រប់លូបាក់បែកបានយកបង្គោលឈើប្រវែង៣ម៉ែត្រមកដាក់បញ្ឈរត្រងគម្របលូបាក់បែកដើម្បីធ្វើជាសញ្ញាសម្គាល់ឲ្យអ្នកបើកបរទាំងអស់បើជៀសឲ្យឆ្ងាយ ការពារកុំឲ្យមានគ្រោះថ្នាក់ ។ បើវាស់ពីចិញ្ចើមផ្លូវមកដល់ចំនុច ដែលទទួលរងនូវការខូចខាតមានប្រវែងជិត២ម៉ែត្រ ជៀសគ្នាមិនរួចនោះទេ ។
អ៊ំស្រីម្នាក់ ដែលមានលំនៅដ្ឋានជិតគម្របលូបាក់បែកបានប្រាប់ថា បាក់បែកជាច្រើនខែមកហើយដោយសាររថយន្តដឹកធ្ងន់ ព្រោះនៅតាមបណ្តោយផ្លូវបេតុងនេះមានទីតាំងធ្វើអាជីវកម្មច្រើន ដូចជាទីសត្វឃាតនៅភូមអូអណ្តូង ទីតាំងជួសជុលគ្រឿងចក្រធន់ធ្ងន់ ទីតាំងអេតចាយ និងមួយផ្នែកទៀតផ្លូវបេតុង១ខ្សែនេះជាផ្លូវរំដោះការកកស្ទះចរាចរពីផ្លូវលេខ៣៦៩ ស្ថិតក្នុងសង្កាត់ព្រែកប្រា ទៅកាន់ផ្លូវបេតុងមួយខ្សែទៀតស្ថិតក្នុងសង្កាត់និរោធ ។ កន្លងមកអ្នកដំណើរដោយម៉ូតូពេលមកដល់កន្លែងគម្របលូបាក់បែកតែងតែដួលតែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ ។ ដោយសារតែមានអ្នកជិះម៉ូតូដួលច្រើនដងពេកទើបអ្នកភូមិទិញបង្គោលឈើ២ដើមយកមកដាក់ជាសញ្ញាដើម្បីបញ្ជៀសកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរ ។
ជាសំណូមពរសុំឲ្យអាជ្ញាធសង្កាត់_ខណ្ឌ ជួយមើលផងដើម្បីសម្រួលដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ បង្ការកុំឲ្យមានគ្រោះថ្នាក់តទៅទៀត ៕ សណ្តោស