ភ្នំពេញ៖ បុរសម្នាក់ ទំនងជាស្រវឹង បោះពួលម៉ូតូយ៉ាងលឿន ជ្រុលទៅបុកសួនពុះចែកទ្រូងផ្លូវបណ្តាល បោកក្បាលទៅនិងថ្នល់ បាក់ក និងបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២១ ថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខខារ៉ាអូខេ «យូធី ខេធីវី» លើកំណាត់ផ្លូវ២០០៤ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះឈៀង ណារិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់ត្រាំងធ្នង់ ខណ្ឌសែនសុខ។
តាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ស៊េរី ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ 1GC-0519 ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅ ពីកើតទៅលិច ក្នុងល្បឿន ខណៈមកដល់កន្លែងកើតហេតុ ទំនងជាគេចអ្វីមួយ មកខាងឆ្វេងដៃ បានជ្រុលទៅបុកចំឃឿនសួនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យជនរងគ្រោះដួលបោកជាច្រើនត្រឡប់ ស្លាប់យ៉ាងអាណោចអាធ័ម រីឯម៉ូតូខ្ទាតពីខ្លួនជាង២០ម៉ែត្រ ។
ក្រោយកើតហេតុសមត្ថកិច្ចមកវាស់វែក និងទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ