ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានព្រមានដករដ្ឋមន្ត្រីណា ដែលរំលោភបំពានអំណាច និងមិនគោរពឋានានុក្រម និងកុំឲ្យមានការសាចទឹកដាក់ គ្នានៅក្នុងរដ្ឋាភិបាលពាក់ព័ន្ធករណីពុលស្លាប់នៅភូមិស្រែនន និងភូមិអាលច ឃុំ កន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះកាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ។
សម្តេចតេជោបានថ្លែងថា «ក្នុងរយៈ កាលប៉ុន្មានថ្ងៃមកនេះការបំពុលព័ត៌មានដោយរដ្ឋមន្រ្តីខ្លួនឯងបានបង្កើតទៅជាបញ្ហា ស្ទើរឲ្យខ្ញុំទប់ចិត្តស្ទើរតែមិនបានដោយ តម្រូវឲ្យខ្ញុំបណ្តេញចេញរដ្ឋមន្រ្តីមួយចំនួនចេញពីរដ្ឋាភិបាលនោះគឺពាក់ព័ន្ធនឹងបញ្ហាពុលនៅឯខេត្តក្រចេះ»។
មានប្រសាសន៍ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ត្រូវ នឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ វេលា ម៉ោង៨និង៣០នាទីព្រឹក នាវិមានសន្តិភាព សម្តេចតេជោបានលើកឡើងថា ដោយ មានបញ្ហាបន្ទាន់ ដូច្នេះសម្តេចត្រូវលើក ឡើងមុននឹងចាប់ផ្តើមកិច្ចពិក្សាគណៈរដ្ឋ មន្រ្តីពេលនេះ ។
អ្វីដែលសម្តេចតេជោលើកឡើងបន្ទាន់នោះគឺករណីប្រជាពលរដ្ឋពុលនៅខេត្ត ក្រចេះដែលករណីនេះសម្តេចតេជោបាន លើកឡើងថា រដ្ឋមន្រ្តីខ្លួនឯងបាននិងកំពុងបំពុលព័ត៌មានតាមរយៈការផ្តល់ព័ត៌មាន និងធ្វើអត្ថាធិប្បាយទៅកាន់អ្នកសារព័ត៌ មាន ។
សម្តេចតេជោបានបញ្ជាក់ថា រដ្ឋាភិបាលបានប្រគល់ភារកិច្ចនេះឲ្យក្រសួងសុខា ភិបាលតាំងពីដើមទី ហើយក្រសួងសុខា ភិបាលក៏បានបញ្ជាក់ និងផ្សព្វផ្សាយជាផ្លូវការរួចជាស្រេចទៅហើយ ។
សម្តេចតេជោបានចោទជាសំណួរថា ហេតុអ្វីចាំបាច់មានការអត្ថាធិប្បាយលើក ពីបញ្ហានេះ បញ្ហានោះបន្ថែមទៀតឲ្យទៅជាជម្លោះរវាងរដ្ឋមន្រ្តីនឹងរដ្ឋមន្រ្តីនៅក្នុងស្ថាប័នរាជរដ្ឋាភិបាលក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលមិនបានដឹង?
សម្តេចតេជោបានបញ្ជាក់ដូច្នេះថា «រាយការណ៍មកនាយករដ្ឋមន្រ្តីតែមិនទាន់ទាំងមកដល់នាយករដ្ឋមន្រ្តីផងខ្លួនឯងរាយការណ៍ឲ្យអ្នកកាសែតបាត់ទៅហើយ។ តើបញ្ហានេះអ្នកណាជាអ្នកទទួលខុសត្រូវ?»។
សម្តេចតេជោបានអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋមន្រ្តី៣ក្រសួងយ៉ាងដូច្នេះថា «ការពុលនៅភូមិស្រែនន ភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះបណ្តាល មកពីស្រាសដែលមានលក់ ឬផលិតក្នុង មូលដ្ឋាន ហើយមានសារធាតុមេតាណុល កម្រិតខ្ពស់និងទឹកព្រែកទេ និងអូរគគីរ មានសារធាតិគីមីមានកំហាប់ខ្ពស់ដែល បណ្តាលមកពីថ្នាំសម្លាប់ស្មៅនិងថ្នាំសម្លាប់សត្វល្អិត» ។
ក្រសួងរ៉ែ និងថាមពល, ក្រសួងសុខា ភិបាល, ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នា មួយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ទាក់ទងករណីពុលស្លាប់ប្រជាពលរដ្ឋចំនួន១៣នាក់នៅភូមិចំនួន៤ ក្នុងឃុំកន្ទួត ស្រុក ចិត្របុរី ខេត្តក្រចេះកាលពីថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០១៨ គឺបណ្ដាលមកពីស្រាស ដែលមានលក់ ឬផលិតនៅក្នុងមូលដ្ឋាន ហើយដែលមានសារធាតុមេតាណុលកម្រិតខ្ពស់ និងទឹកព្រែកទេ និងអូរគគីរមានសារធាតុគីមីកម្រិតខ្ពស់ដែលបណ្ដាលមកពីថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពី មូលហេតុពុលនេះមានការចុះហត្ថលេខា រួមគ្នារវាងរដ្ឋមន្ត្រីក្រសួងទាំង៣គឺលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហ កម្មនិងសិប្បកម្ម និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានបាន បញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល, ក្រសួង សុខាភិបាល, ក្រសួងឧស្សាហកម្ម និង សិប្បកម្មបន្តសហការគ្នាដើម្បីបង្ការទប់ស្កាត់ និងជៀសវាងបញ្ហាដែលកើតឡើងជាយថាហេតុ។ ការចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នារបស់រដ្ឋមន្ត្រីទាំងបីក្រសួងខាងលើនេះបន្ទាប់ពីមានការលើកឡើង ផ្សេងៗអំពីករណីពុលស្លាប់ប្រជាពលរដ្ឋ ចំនួន១៣នាក់នៅខេត្តក្រចេះ ៕ ហេង សូរិយា