ព័ត៌មានទាន់ហេតុការណ៍៖

កុមារីម្នាក់ដើរកាត់ភ្លៀង និងខ្យល់ត្រូវរន្ទះបាញ់ស្លាប់ នៅស្រុកបាកាន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កុមារីរងគ្រោះឈ្មោះ ភន ឌីណា ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិកោះខ្សាច់ ឃុំមេទឹក ស្រុកបាកាន បានស្លាប់ដោយឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ កាលពីវេលាម៉ោង១៥ និង២០នាទីថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយផ្ទះជនរងគ្រោះចម្ងាយ១០ម៉ែត្រ ។

ម្តាយកុមារីរងគ្រោះឲ្យដឹងថា មុនពេលកើតហេតុកូនស្រីរបស់គាត់បានដើរកាត់ភ្លៀង និងខ្យល់ទៅខាងក្រោយផ្ទះចម្ងាយ១០ម៉ែត្រ ស្រាប់តែមានផ្លេកបន្ទោ និងរន្ទះបានបាញ់ចំកូនស្រីរបស់បណ្តាលឲ្យដួលសន្លប់ទៅនឹងដី ពេលនោះគ្រួសារបស់គាត់ និងអ្នកជិតខាងបានបញ្ជូនកុមារីរងគ្រោះទៅកាន់មណ្ឌលសុខភាពមេទឹកដើម្បីជួយសង្គ្រោះ ប៉ុន្តែជាអកុសលកុមារី ភន ឌីណាក៏បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានឃុំមេទឹក បានចុះពិនិត្យកន្លែងកើតហេតុ និងសាកសព ហើយបានអះអាងថា កុមារីរងគ្រោះឈ្មោះភន ឌីណា ពិតជាស្លាប់ដោយករណីរន្ទះបាញ់ពិតប្រាកដមែន និងបានប្រគល់សាកសពជនរងគ្រោះដល់ក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ចំពោះករណីនេះ សមត្ថកិច្ចនគរបាល និងអាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារអាយុជីវិតពីគ្រោះធម្មជាតិដ៏សាហាវនេះ៕ ប៉ឹម ពិន

 


ចែករំលែក៖