ភ្នំពេញ ៖ ក្មេងស្រីម្នាក់ជាកូនឈ្នួល បម្រើការងារនៅផ្ទះអ្នកលក់សម្លៀកបំពាក់មួយកន្លែង ត្រូវបានស្រ្តីម្ចាស់ផ្ទះជាជនជាតិចិនប្រើអំពើហិង្សា ធ្វើទារុណកម្ម សឹងរាល់ថ្ងៃ វាយ ចាក់ ឈានដល់បង្អត់បាយ ជារឿយៗ ។ អស់រយៈពេល៤ឆ្នាំ ដោយទង្វើរសាហាវពេក ទើបនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨នេះ បែកធ្លាយរឿង ពលរដ្ឋក្បែរខាងរាយការណ៍ សមត្ថកិច្ចចុះទៅអន្តរាគមន៍ រំដោះក្មេងស្រី ចេញពីផ្ទះលេខ១៧អា ជាប់ផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ និងឃាត់នាំស្រ្តីសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ ។
ក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើរយះពេល៤ឆ្នាំមកហើយ មានស្រុកកំណើតភូមិទំនប់ថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ចំណែកស្រ្តីចិត្តកំណាច មានឈ្មោះ ម៉េង រ័ត្នពិសី ហៅ ភា អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ នៅផ្ទះកើតហេតុ បើតាមអ្នកក្បែរខាងថា ជាជនជាតិវៀតណាម កាត់ចិន មានប្តី ឈ្មោះ សុខ ទី អាយុ៣៣ឆ្នាំ មុខរបរ លក់សម្លៀកបំពាក់ មានកូនស្រីម្នាក់ក្នុងបន្ទុក ។
តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ ទាំងទឹកភ្នែក ក្នុងអារម្មណ៍ភ័រញ័រ ប្រាប់នៅចំពោះមុខសមត្ថកិច្ចថា គាត់ត្រូវបានស្រ្តីខាងលើ យកមកឲ្យធ្វើការងារ តាំងពីអាយុ១២ឆ្នាំមកម្លេះ ធ្វើជាកូនឈ្នួលបម្រើ ផ្ទះខាងលើ រហូតមកដល់ពេលនេះ អស់រយៈពេល៤ឆ្នាំហើយ ស្រ្តីម្ចាស់ផ្ទះ បង្ខំឲ្យធ្វើការងារ តាំងពីព្រឹកទល់យប់ បើធ្វើមិនទាន់ ប្រដាប់ដោយដែក វាយ ពេញរាងកាយ ក្បាល ជួន យកម្ជុលដេប៉ាក់ មកចាក់ លើរាងកាយ ក្នុង១ថ្ងៃ ឲ្យហូបបាយ២ពេល ពេលព្រឹក និងពេលល្ងាច ថ្ងៃត្រង់បន្តឲ្យធ្វើការងារ ។ ក្មេងស្រីរងគ្រោះបន្តទៀតថា មកស្នាក់នៅធ្វើការដំបូង បានប្រាក់ឈ្នួល៦០ដុល្លាក្នុង១ខែ ទើបតែ១ឆ្នាំមកនេះ បាន១០០ដុល្លាក្នុង១ខែ ហើយខែថ្មីនេះ ម្តាយនាងមានការខ្វះខាត ថវិកា ទិញថ្នាំ ព្យាបាលឪពុក បានសុំខ្ចីលុយ១០០ដុល្លាមុន ហើយអ្វីជាងនេះទៅទៀត ម្ចាស់ផ្ទះដាក់បម្រាម មិនឲ្យនិយាយរឿង ធ្វើទារុណកម្ម រាងកាយ ប្រាប់អ្នកជិតខាង ឬប្រាប់ដំណឹងដល់ក្រុមគ្រួសារនៅឯស្រុកឡើយ មិនអនុញាតិឲ្យ ជួបនិយាយជាមួយម្តាយតាមទូរស័ព្ទ ។
ករណីខាងលើក្រោយពីទទួលបានពត៌មានរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចចុះទៅ ដល់កន្លែងកើតហេតុ ត្រូវបានស្រ្តីខាងលើ ឡូឡា រករឿងទាំងអ្នកជិតខាង គម្រាមវាយ ស្រ្តីម្នាក់ នៅក្បែរនោះ ដែលជួយឈឺឆ្អាលរឿងខាងលើ ។
ក្រោយពីមានការបំភ្លឺពីក្មេងរងគ្រោះ សមត្ថកិច្ចហៅនាំខ្លួនស្រ្តីសង្ស័យទៅសាកសួរនៅប៉ុស្តិ៍ និងផ្អែកលើភស្តុតាង ស្លាកស្នាម ជាំ របួស ពេញខ្លួន ក្បាល ដៃ ជើង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី ៕ សុខាសែនជ័យ