ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តលឿនដល់ផ្លូវកោងមិនប្រយ័ត្នជ្រុលបុកដើមក្ងោកខ្ទេចរថយន្តមួយចំហៀង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហាយឡែនឌ័រមួយគ្រឿង បើកបរក្នុងល្បឿនលឿនដល់ចំណុចផ្លូវកោងជ្រុលចង្កូតទៅបុកបោកផ្ទុបនឹងដើមក្ងោកមួយដើមនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យរថយន្តខូចខាតមួយចំហៀងសំណាងល្អអ្នកបើកបរ និងរួមដំណើររងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូល ថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្បែរមន្ទីពេទ្យអរុណរះ ក្នុងភូមិបូរីកម្មករ សង្លាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវជន២នាក់បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-8488 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់កែងផ្លូវលេខ២៧១ បានបត់ឆ្វេងដែលជាចំណុចផ្លូវកោងបណ្តោយឲ្យរថយន្តជ្រុលចង្កូតបោកផ្ទប់ជាមួយដើមក្ងោកមួយដើមនៅលើចិញ្ចើមផ្លូវពេញទំហឹង បណ្តោយឲ្យរថយន្តខូចខាតមួយចំហៀងផ្នែកខាងស្តាំ និងដាច់កង់ក្រោយទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស គ្រាន់តែអ្នកបើកបរនឹងរួមដំណើររងរបួសស្រាល។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានទំនាក់ទំនងទៅរថយន្តស្ទូចដើម្បីមកស្ទូចរថយន្តយកទៅ ជួសជុលដោយខ្លួនឯងមិនរំខានដល់សមត្ថកិច្ចឡើយ ៕ ជ្រោយពេជ្រ


ចែករំលែក៖