ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូចេញពីធ្វើការហើយជ្រុលបុកជាមួយម៉ូតូមួយគ្រឿងដែលកំពុងបើកបញ្ច្រាសទិសគ្នា ត្រង់ចំណុចក្បែរផ្លូវចូលរោងចក្រថៃហ្គរ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាល្ងាចថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពយុវជនខាងលើឈ្មោះ ប្រុស សារិន អាយុ២១ ឆ្នាំ មុខរបរជាបុគ្គលិកហាង មានស្រុកកំណើតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកបុរសដែលរងរបួសធ្ងន់ធ្ងរមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ដោយសារជួបគ្រោះថ្នាក់ភ្លាមត្រូវរថយន្តដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
បើតាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថាដំបូងយុវជនឈ្មោះ ប្រុស សារិនបានជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ស ធ្វើដំណើរតាមផ្លូវជាតិលេខ១ទិសដៅពីភ្នំពេញទៅកៀនស្វាយ ដោយសសៀរបញ្ច្រាសផ្លូឯកទិស ខណៈដល់ចំណុចកើតហេតុក៏ជិះឆ្លងផ្លូវយ៉ាងលឿនស្របពេលបុរសម្នាក់កំពុងជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ទិសដៅពីកៀនស្វាយឡើងមកភ្នំពេញ ក៏ជ្រុលបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូខ្ទាតចេញពីគ្នារាប់សិបម៉ែត្រ ឬឯម្ចាស់ម៉ូតូនិចបានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ហើយភាគីម្ចាស់ម៉ូតូសេ ១២៥ បានរងរបួសធ្ងន់ធ្ងរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះវាស់វែងត្រង់ចំណុចកើតហេតុ រួចអូសយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ ហើយសពយុវជនបានប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ