ខេត្តស្វាយរៀង៖ មានការស្រែកផ្អើលឆោឡោពីសំណាក់ក្មេងៗឃ្វាលក្របី និងអ្នកភូមិចោមរោមមើលយ៉ាងច្រើនកុះកុញ ខណៈរាយការណ៍សមត្ថកិច្ចកងរាជអាវុធហត្ថ និងនគរបាលមូលដ្ឋានមកពិនិត្យសាកសពភ្លាមៗ បន្ទាប់ពីប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងប្រឡាយទឹកទំនងស្រវឹងស្រាហើយដើតទៅបត់ជើងរអឹលជើងធ្លាក់តែម្ដង ។
ហេតុការណ៍ប្រទះសាកសពនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨ នៅវេលាម៉ោង១១:០០នាទីព្រឹក ត្រង់ចំណុចប្រទ្បាយទឹកស្ថិតក្នុងភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា បុរសទំនងស្លាប់ដោយលង់ទឹកមានឈ្មោះ អៃ វាសនា អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។
តាមក្មេងៗឃ្វាលក្របីបានឲ្យដឹងថា មុនដំបូងរូបគេបានយកក្របីទៅព្រលែងចោលនៅកណ្ដាលស្រែ ដូចសព្វរាល់ដងក្រោយពីត្រឡប់មកវិញ ចុះមកលាងដៃជើងស្រាប់តែប្រទះឃើញសពបុរសខាងលើ ក៏បង្កការភ្ញាក់ផ្អើលឆោឡោ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្ដង ។
បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋភ្លាមសមត្ថកិច្ចមូលដ្ឋាននគរបាលជំនាញ និងលោកគ្រូពេទ្យបានធ្វើកោសលវិច័យរួចបានសន្និដ្ឋានថា ការស្លាប់បុរសនេះពិតជាដោយសារលង់ទឹកពិតប្រាកដមែន មិនឃើញមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាដកម្មអ្វីនោះទេ ។
បច្ចុប្បន្នសាកសពក្រោយពីពិនិត្យរួចត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ។
យោងតាមអ្នកភូមិបានប្រាប់ឲ្យដឹងថា បុរសនេះគឺជាមនុស្សស្រវឹងខួបរាល់ថ្ងៃហើយនៅថ្ងៃកើតហេតុទំនងជាឈឺបត់ជើង ក៏ដើរទៅប្រឡាយទឹកណាមួយ ស្រវឹងស្រាផង ក៏រអឹលធ្លាក់ទឹកប្រទ្បាយបណ្តាលឲ្យឈ្លក់ទឹកស្លាប់គ្មានអ្នកដឹង ៕ យឹម សុថាន