ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នានៅផ្លូវជាតិលេខ១​បណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម​ ខណៈជិះម៉ូតូចេញពីធ្វើការហើយជ្រុលបុកជាមួយម៉ូតូមួយគ្រឿងដែលកំពុងបើកបញ្ច្រាសទិសគ្នា​ ត្រង់ចំណុចក្បែរផ្លូវចូលរោងចក្រថៃហ្គរ​ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ​១​ សង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ នាល្ងាចថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨​ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​ សពយុវជនខាងលើឈ្មោះ​ ប្រុស​ សារិន​ អាយុ២១​ ឆ្នាំ​ មុខរបរជាបុគ្គលិកហាង​ មានស្រុកកំណើតនៅភូមិស្តៅកន្លែង​ ឃុំដីឥដ្ឋ​ ស្រុកកៀនស្វាយ​ ខេត្តកណ្តាល​ ។ ចំណែកបុរសដែលរងរបួសធ្ងន់ធ្ងរមិនត្រូវបានស្គាល់អត្តសញ្ញាណទេ​ ដោយសារជួបគ្រោះថ្នាក់ភ្លាមត្រូវរថយន្តដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

បើតាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថាដំបូងយុវជនឈ្មោះ​ ប្រុស​ សារិនបានជិះម៉ូតូមួយគ្រឿងម៉ាក​ និច​ ពណ៌ស​ ធ្វើដំណើរតាមផ្លូវជាតិលេខ១ទិសដៅពីភ្នំពេញទៅកៀនស្វាយ​ ដោយសសៀរបញ្ច្រាសផ្លូឯកទិស​ ខណៈដល់ចំណុចកើតហេតុក៏ជិះឆ្លងផ្លូវយ៉ាងលឿនស្របពេលបុរសម្នាក់កំពុងជិះម៉ូតូម៉ាក​ សេ១២៥​ ពណ៌ខ្មៅ​ ទិសដៅពីកៀនស្វាយឡើងមកភ្នំពេញ​ ក៏ជ្រុលបុកគ្នាយ៉ាងពេញទំហឹង​ បណ្តាលឲ្យម៉ូតូខ្ទាតចេញពីគ្នារាប់សិបម៉ែត្រ​ ឬឯម្ចាស់ម៉ូតូនិចបានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង​ ហើយភាគីម្ចាស់ម៉ូតូសេ​ ១២៥​ បានរងរបួសធ្ងន់ធ្ងរ​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះវាស់វែងត្រង់ចំណុចកើតហេតុ​ រួចអូសយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនាពេលក្រោយ​ ហើយសពយុវជនបានប្រគល់ឲ្យសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕ ភារ៉ា ដង្កោ


ចែករំលែក៖