ព័ត៌មានទាន់ហេតុការណ៍៖

ទទួលលុយកក់៣៥០០ដុល្លារត់ការកាត់ប្លង់ថ្លៃលក់ដីដល់ថ្ងៃកំណត់បែរជាគ្មានដីឲ្យគេ ប្តឹងអាវុធហត្ថចាប់វាយខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាអ្នករកស៊ីលក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅឃាត់ខ្លួនភ្លាមៗតាមពាក្យបណ្តឹងប្រជាពលរដ្ឋរងគ្រោះ និងដោយមានការអនុញ្ញាតពីលោកមេបញ្ជាការរង ទទួលការងារនីតិវិធី។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពី ថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨វេលាម៉ោង១០និង ៣០នាទីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថជំនាញខណ្ឌព្រែកព្នៅ ។

តាមពាក្យបណ្តឹងចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ របស់ជនរងគ្រោះឈ្មោះ កុយ វិ វិសុទ្ធ ភេទ ប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងគំនូររស់នៅភូមិ ត្រពាំងឈូក សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ឡៃ ឡេក ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរពុះដីឡូតិ៍ រស់នៅភូមិ ត្រពាំងរនាម សង្កាត់ពន្សាំងខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។

តាមការស្តាប់ចម្លើយរបស់ជនសង្ស័យបានសារភាពថា៖ កាលពីពេលកន្លងទៅខ្លួនពិតជាបានលក់ដីឡូតិ៍មួយកន្លែងទំហំ០៥mX២០mក្នុងតំលៃ៦៧០០$ដែលមានទីតាំងនៅភូមិរំលេច ឃុំ ទួលព្រិច ស្រុក អង្គស្នួល ខេត្តកណ្ដាល ទៅអោជនរងគ្រោះឈ្មោះកុយ វិសុទ្ធ និងទទួលប្រាក់កក់ចំនួន៣៥០០$ពីជនរងគ្រោះពិតប្រាកដមែន ហើយប្រាក់នៅសល់ត្រូវប្រគល់នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ពេលដែលរត់ប្លង់ផ្ទេរកម្មសិទ្ធិរួចរាល់។ តែដល់ថ្ងៃកំណត់ខ្លួនគ្មានប្លង់ប្រគល់ទៅឲ្យជនរងគ្រោះទេហើយលុយដែលជនរងគ្រោះកក់នោះខ្លួនបានយកទៅចាយប្រើប្រាស់អស់ហើយ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមនិតិវិធី ៕ ធឿនព្រែកជ័យ


ចែករំលែក៖