ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ូយ៉ាន់ដាយបុកម៉ូតូអូស១៥០ម៉ែត្រស្លាប់ម្នាក់យ៉ាងរន្ធត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសអ្នកជិះម៉ូតូម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងយ៉ាងរន្ធត់ ដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបុកអូសចម្ងាយប្រមាណប្រវែង ១៥០ម៉ែត្រ នៅគ្រាដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាសទិសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូត្រើយខាងលិច នៅម្ដុំមុខផ្ទះឈ្មោះ អ៊ុំ អឿន ស្ថិតក្នុងទួលពង្រ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនដំបូងគេឃើញរថយន្ត ១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C 6105 ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ ១គ្រឿងពេញទំហឹងអូសចម្ងាយប្រមាណប្រវែង ១៥០ម៉ែត្រ បណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលកំពុងធ្វើចរាចរណ៍បញ្រ្ចាសទិសគ្នា ចំណែកជនសង្ស័យបើកបររថយន្តបង្កឃើញហេតុការណ៍បែបនេះចុះរត់គេចបាត់។

ប្រភពបន្តថា រីឯជនរងគ្រោះ(ស្លាប់)ជាអ្នកបើកបរម៉ូតូម៉ាក គប់ ចង្គៀងមូល ពណ៌ប្រផេះ លាយខៀវ ឈ្មោះ ហាង ម៉ន ភេទប្រុស រស់នៅភូមិពោធិ៍ឡើង ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពដដែលបន្តទៀតថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ វត្ថុតាងម៉ូតូ ១គ្រឿង និងរថយន្តមន្រ្តីជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង យកទៅរក្សាទុកជាបណ្ណោះអាសន្នរង់ចាំដោះស្រាយគ្នាតាមនីតិវិធី ចំណែកសាកសពជនរងគ្រោះបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖