ព័ត៌មានទាន់ហេតុការណ៍៖

មេធាវី ទិត សុខវណ្ណា ផ្គើននឹងលិខិតជួនដំណឹងរបស់អាជ្ញាធរសង្កាត់គោកឃ្លាង និងអាជ្ញាធរខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ លិខិត១ច្បាប់របស់សាលាសង្កាត់គោកឃ្លាង ដែលមានចុះហត្ថលេខាដោយលោក ញ៉ាត សាម៉េត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ បានកំណត់ពេលឲ្យលោក ទិត សុខវណ្ណា ដែលគេដឹងថា មានមុខរបរជាមេធាវី នៃគណៈមេធាវីកម្ពុជា ឲ្យរុះរើសំណង់រោងដែកដែលសង់លើដីគម្រោងផ្លូវសាធារណៈក្នុងរយៈពេល៥ថ្ងៃក្រោយពីថ្ងៃជូនដំណឹងនោះ ប៉ុន្តែវាហាក់បីដូចជាគ្មានប្រសិទ្ធិភាពឫក៍លោកមេធាវី ទិត សុខវណ្ណា មានចេត្តនាក្នុងការផ្គើននិងលិខិតជួនដំណឹងខាងលើនេះព្រោះថារហូតមកដល់ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ គេមិនទាន់ឃើញម្ចាស់សំណង់រុះរើចេញទេ។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ថា មេធាវី ទិត សុខវណ្ណា ពិតជា រំលោភផ្លូវរដ្ឋមែន ពេលនេះអាជ្ញាធរត្រូវឲ្យរុះចេញវិញ។

លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានបញ្ជាក់យ៉ាងដូច្នេះកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ថា អាជ្ញាធរ បានកំណត់ឲ្យមេធាវី ទិត សុខវណ្ណា រុះរើរោងដែកដែលសង់រំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋ ត្រឹម៥ថ្ងៃក្រោយពេលជូនដំណឹង។

លោកអភិបាលខណ្ឌរូបនេះ បញ្ជាក់ថា បើលោកមេធាវី ទិត សុខវណ្ណា ដែលហ៊ានរំលោភបំពានយកដីរដ្ឋមិនព្រមរុះរើ សំណង់ខុសច្បាប់នោះចេញតាមកាលកំណត់ទេ អាជ្ញាធរ នឹងចាត់វិធានការច្បាប់ និងចុះរុះរើផ្ទាល់តែម្តង។

លោក ម៉ូវ ម៉ានិត អះអាងថា លោកមេធាវី ទិត សុខវណ្ណា បានសង់រោងដែករំលោភយកផ្លូវសាធារណៈរបស់រដ្ឋ ដែលមានក្នុងប្លង់មេ (LMAP) របស់រដ្ឋពិតមែន។

ទោះជាយ៉ាងណា អភិបាលខណ្ឌរូបនេះ បានបញ្ជាក់ថា បើលោក មេធាវី ទិត សុខវណ្ណា មានឆន្ទៈ រុះរើដោយខ្លួនឯង ខាងអាជ្ញាធរ នឹងទុកពេលឲ្យ ប៉ុន្តែត្រូវធ្វើកិច្ចសន្យាជាមួយ អាជ្ញាធរ ឲ្យបានច្បាស់លាស់៕ តុង សីហា


ចែករំលែក៖