ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ សម្ដេចហ៊ុនសែន ផ្ដល់សិទ្ធិការបង់ពន្ធប្រថាប់ត្រា តែមួយដងចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យច្រើនដង នឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ការផ្តល់ការអនុគ្រោះពន្ធលើការបង់ពន្ធប្រថាប់ត្រាតែមួយដង ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យច្រើនដង ដែលបានចុះបញ្ជីរួច នឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ក្រោយពីសម្តេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឯកភាពជាគោលការណ៍ ។ លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ នៅក្នុងពិធីផ្សាព្វផ្សាយបន្ត ផ្តល់អនុគ្រោះបង់ពន្ធប្រថាប់ត្រា តែមួយដងចំពោះការផ្ទេរកម្មសិទ្ធិអចលន ទ្រព្យដែលបានចុះបញ្ជីរួច ជួនដល់មន្ដ្រី ពាក់ព័ន្ធ ដែលអនុវត្ដពន្ធ នៅមូលដ្ឋាន កាលពីថ្ងៃពុធ ១រោច ខែជេស្ន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។ ពិធីផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីលោកកែម សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដា និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

លោកឃួង ស្រេង បានបញ្ជាក់ថា៖ ដោយពិនិត្យឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងដើម្បីជួយសម្រួលដល់ម្ចាស់កម្មសិទ្ធិអចលនទ្រព្យចុងក្រោយ ដែលពុំមានលទ្ធភាពបង់ពន្ធប្រថាប់ត្រាច្រើនដង គ្រប់ដំណាក់កាល នៃការផ្ទេរអចលនទ្រព្យ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអនុញ្ញាតឯកភាពជាគោលការណ៍ ដើម្បីបន្តផ្តល់ការអនុគ្រោះបង់ពន្ធប្រថាប់ត្រាតែមួយដង លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ បន្តដៃគ្នាពីម្នាក់ទៅម្នាក់ច្រើនដងនៅត្រឹមថ្នាក់សង្កាត់ខណ្ឌ ។

លោកបញ្ជាក់ថា ចំពោះសុពលភាព នៃការអនុវត្ត គឺត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ប៉ុណ្ណោះ។ ដូច្នេះ ក្នុងនាមយើងជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការ ផ្សាព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ។

លោកឃួង ស្រេង ក្នុងឱកាសនោះបានជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់បើកការប្រជុំតាមភូមិ ហើយរដ្ឋបាលរាជធានីភ្នំពេញ​ ត្រូវធ្វើលិខិតជំនួយស្មារតីទៅភូមិ ដើម្បីផ្សព្វផ្សាទៅប្រជាពលរដ្ឋ សំខាន់កុំជះទឹកដាក់គ្នា យើងជ្រកក្នុងតំបូលតែមួយត្រូវតែរួមគ្នាធ្វើការងារនេះឲ្យបានល្អ ។ ក្រោយការប្រជុំផ្សព្វផ្សាយឲ្យប្រជាជនបានដឹងឮដល់កម្រិតណាហើយនោះ អាជ្ញាធរខណ្ឌ ត្រូវរាយការណ៍មកក្រុងវិញ ដើម្បីយើងរាយការណ៍ ពីការងាររបស់យើងទៅក្រសួងមហាផ្ទៃ។

លោកឃួង ស្រេងបានធ្វើការណែនាំថា កន្លងមកនេះមានមន្ត្រីសុរិយោដីនៅខណ្ឌ វាស់វែងដីជូនប្រជាពលរដ្ឋមានការយឺតយ៉ាវ ហើយមានមន្ត្រីខ្លះមានការទាលុយគេថែមទៀត ។ លោក បានបន្តថា “បើការទាលុយគេ ចំកន្លែងក្តៅវាក្តៅហើយ សូមឲ្យប្រយ័ត្នប្រយែងខ្លួន ល្មមដល់ពេលត្រូវលាត់ជើងខោ ចុះជួយប្រជាពលរដ្ឋហើយ កុំបង្កការលំបាកឲ្យប្រជាពលរដ្ឋទៀត”។

លោកអភិបាល ស្នើឲ្យលោកចៅសង្កាត់ចុះដល់ផ្ទះប្រជា ពលរដ្ឋ ដើម្បីចង់ដឹងពីការចង់បានរបស់ប្រជាពលរដ្ឋ យើងជួយប្រជាពលរដ្ឋឲ្យចំគោលដៅដែលពួកគាត់ចង់បាន។ សម្រាប់កម្មវិធីថ្ងៃនេះចៅសង្កាត់ត្រូវធ្វើការផ្សព្វផ្សាយឲ្យពួកគាត់បានយល់ដឹង ដើម្បីអោយពួកគាត់ទៅបង់ព័ន្ធចុងក្រោយ។

លោកកែម សម្បត្តិ បានមានប្រសាសន៍លើកឡើងថា ៖ អគ្គនាយកដ្ឋានពន្ធដារ ជាសេនាធិការឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋាភិបាល ក្នុងការប្រមូលពន្ធដើម្បីផលប្រយោជន៍ថ្នាក់ក្រោមជាតិ ដូច្នេះថ្នាក់ក្រោមជាតិត្រូវប្រឹងប្រែង ដើម្បីបានលុយមកអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ។ ការប្រមូលពន្ធត្រូវបង្កភាពងាយស្រួលឲ្យពួកគាត់ នៅពេលពួកគាត់មកបង់ព័ន្ធនិងធ្វើឲ្យអស់សក្តានុពល និងជំរុញដាក់សេចក្តីប្រកាស់ទៅដល់អ្នកជាប់ពន្ធ ។

លោកបន្តទៀតថា៖ អគ្គនាយកដ្ឋានពន្ធដារបានធ្វើឲ្យមានភាពងាយស្រួល ឲ្យអ្នកបង់ពន្ធ រួចហើយដែរ ដូចជាការបង់ព័ន្ធតាមធនាគារជាដើម។ ការងារនេះយើងសម្រេចបានជោគជ័យ៦ឆ្នាំជាប់គ្នា ជាមួយនឹងការប្រមូលព័ន្ធបានកើនឡើងរហូត។ ទាំងនេះបានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋភ្ញាក់រលឹក។ លោកបានបញ្ជាក់ថា៖ នៅភ្នំពេញចំណូលពន្ធប្រមូល បានច្រើនជាងគេ ពោលគឺមានរហូតទៅដល់៩៣ទៅ៩៤ភាគរយឯណោះ៕ សំរិត


ចែករំលែក៖