ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌ ឃាត់យានយន្ត ដែលចតគ្មានសណ្តាប់ធ្នាប់បានចំនួន២៤គ្រឿង និង ជនអនាថាដែលដេកតាមផ្លូវសាធារណៈ បាន១០ នាក់

ចែករំលែក៖

ភ្នំពេញ៖ យោងតាមបទបញ្ជា លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ស្តីពីការៀបចំសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌដូនពេញ នៅថ្ងៃ សៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី០២ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៨និង៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យ លោក យស យុទ្ធី អភិបាលរងខណ្ឌ និង លោក សាន ណារិទ្ធ ប្រធានប្រជាការពារស្តីទី ខណ្ឌ ដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បន្តចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ នៅតាមបណ្តោយផ្លូវសំខាន់ៗទាំង១១ខ្សែ ដែល លោក អភិបាលរាជធានីភ្នំពេញ បានឲ្យរដ្ឋបាលខណ្ឌចុះរៀបចំ ក្នុងនោះមាន៖ មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីព្រះនរោត្តម តីរៈវិថីព្រះស៊ីសុវត្ថិ ផ្លូវផ្លូវស៊ូស្រ៊ុន មហាវិថីសម្តេចសុធារស មហាវិថីព្រះសុរាម្រិត ផ្លូវលេខ៤៧ ផ្លូវលេខ ១៣ កែង ១៥៤ -៦៣-១៤២ ១១៩ និង ផ្លូវលេខ១០៦-១០៨-ល- ។

ក្នុងនោះរដ្ឋបាលខណ្ឌ បានបន្តប្រកាសផ្សព្វផ្សាយសេចក្តីជូនដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋដែលចតយានយន្តគ្រប់ប្រភេទ នៅលើទ្រូងផ្លូវ ត្រូវចតឲ្យផុតពីចិញ្ចើមផ្លូវ ដើម្បីទុកផ្លូវសំរាប់ថ្មើរជើង ចំពោះបងប្អូនដែលប្រកបអាជីវកម្មផ្សេងៗ ត្រូវលក់តាមគំនូសដែលរដ្ឋបាលខណ្ឌ បានកំណត់ជូន និង រក្សារអនាម័យបរិស្ថានឲ្យបានស្អាត មានសោភ័ណភាព។

ជាលទ្ធផលនៃការចុះរៀបចំសណ្តាប់ធ្នាប់នេះ រដ្ឋបាលខណ្ឌ បានធ្វើកាឃាត់យានយន្ត ដែលចតគ្មានសណ្តាប់ធ្នាប់បានចំនួន១២គ្រឿង ម៉ូតូចំនួន ៨គ្រឿង កង់បីចំនួន០៤គ្រឿង សំភារៈមួយចំនួន និង ជនអនាថាដែលដេកតាមផ្លូវសាធារណៈ និង តាមច្រាំងទន្លេបានចំនួន១០ នាក់ យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំ តាមនីតិវិធី ៕ ស តារា


ចែករំលែក៖