ព័ត៌មានទាន់ហេតុការណ៍៖

លោកម៉ៅ សាវ៉ាន អនុប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀងបាត់បង់ជីវិតដោយសារខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្ត្រីរាជការបម្រើកាងារនៅមន្ទីព័ត៌មានខេត្តស្វាយរៀង មានការក្ដុកក្ដួលចិត្តយ៉ាងខ្លាំងនិងបានចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារគ្រប់ៗគ្នា ខណៈដែលលោកម៉ៅ សាវ៉ាន បម្រើការងារជា អនុប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង មានអាយុ៥៧ឆ្នាំ បានបាត់បង់ជីវិតដោយខ្យល់គរ(ដួល) ត្រូវបានដឹកមកសង្គ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែយឺតពេលទៅហើយកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

បើតាមលោកកែវ ចន្ទ័លី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀងបានប្រាប់ឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំ និង មន្រ្តីរាជការមន្ទីរព័ត៌មានខេត្ត មានការសោកស្តាយចំពោះ លោកម៉ៅ សាវ៉ាន អនុប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀងបានទទួលមរណភាព នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ដោយខ្យល់គរ ដួលនៅផ្ទះរបស់គាត់ ។

លោកបានបន្តទៀតថា នៅពេលដួលនោះ ក្រុមគ្រួសារ ក៏បានប្រញាប់ប្រញាលបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដែរ ប៉ុន្តែពេលមកដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ក៏បានបាត់បង់ជីវិតទៅហើយ ខណៈទទួលដំណឹងភ្លាមធ្វើឲ្យគាត់ក្ដុកក្ដួលចិត្តយ៉ាងពន់ពេកស្ទើរតែមិនជឿ ។

លុះនៅព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ ២០១៨ លោក ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកប្រធានមន្ទីរ ក៏បានមកចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកម៉ៅ សាវ៉ាន អនុប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង និងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព ព្រមទាំងចូលបច្ច័យបុណ្យសពចំនួន ១លានរៀល និង ប្រាក់ដុល្លារ៥០ដុល្លារ ផងដែរ ។

សូមជម្រាបថា សពលោកម៉ៅ សាវ៉ាន អនុប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង នឹងត្រូវបូជានៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅវត្តសន្តិភាព ក្រុងស្វាយរៀង ចំណែកកម្មវិធីបុណ្យគំរប់ខួប ៧ថ្ងៃ ធ្វើនៅថ្ងៃទី ៦ មិថុនា ២០១៨ ខាងមុខនេះ ៕ យឹម សុថាន


ចែករំលែក៖