ព័ត៌មានទាន់ហេតុការណ៍៖

សហរដ្ឋអាមេរិកអញ្ជើញប្រទេសវៀតណាមចូលរួមធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតលើពិភពលោក

ចែករំលែក៖

កម្លាំងទាហានជើងទឹកអាមេរិកបានប្រកាសឲ្យដឹងថា ប្រទេសវៀតណាម គឺជាប្រទេសមួយក្នុងចំណោម២៦ប្រទេសដែលបានចូលរួមនៅក្នុងការធ្វើសមយុទ្ធ កម្លាំង ទាហានជើងទឹកដែលមានឈ្មោះថា «ខ្សែ ក្រវាត់ប៉ាស៊ីហ្វិក» (RIMPAC)។

សកម្មភាពខាងលើកើតឡើង ក្រោយ រយៈពេលប៉ុន្មានថ្ងៃ ដែល មន្ទីរបញ្ចកោណ អាមេរិក ដកការអញ្ជើញទាហានជើងទឹក ចិនចូលរួម នៅក្នុងការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំបំផុតនេះ ដោយសារតែចិនមាន សកម្មភាពយោធា នៅសមុទ្រចិនភាគខាង ត្បូង ។ ការធ្វើសមយុទ្ធពហុប្រទេស ធ្វើ ឡើងនៅតំបន់សមុទ្រកោះហាវ៉ៃ អាមេរិក និង នៅតំបន់សមុទ្រ ភាគខាងត្បូងរដ្ឋកាលី ហ្វ័រនីញ៉ា ចាប់ពីថ្ងៃទី ២៧ខែមិថុនា ដល់ ថ្ងៃទី ២ខែសីហាឆ្នាំ២០១៨។

តាមព័ត៌មានពីកម្លាំងទាហានជើងទឹកអាមេរិក បានឲ្យដឹង ថា នៅក្នុងការធ្វើ សមយុទ្ធនោះ មាននាវាចម្បាំង៤៧គ្រឿង នាវាមុជទឹក ៥គ្រឿង យន្តហោះចម្បាំងជាង ២០០គ្រឿង និងទាហានជាង២៥ពាន់នាក់ ចូលរួម នៅក្នុងព្រឹត្តិការណ៍សំខាន់នេះ ដែលធ្វើឡើងពីរឆ្នាំម្តង។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់យ៉ាងច្បាស់ថា សមយុទ្ធ RIMPAC គឺជាឱកាស នៅក្នុងការហ្វឹកហាត់ និងបង្កើនទំនាក់ ទំនងយោធា ធានាដល់សន្តិសុខសុវត្ថិភាព នៅដែនសមុទ្រលើពិភពលោក។

ក្រៅពីប្រទេសវៀតណាម អាមេរិកក៏បានអញ្ជើញប្រទេសនៅក្នុងតំបន់អាស៊ីផ្សេងទៀត ចូលរួមដែរ ក្នុងនោះមាន ជប៉ុន កូរ៉េ ខាងត្បូង ហ្វុីលីពីនជាដើម។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បាន ប្រកាសប្ដូរឈ្មោះទីបញ្ជាការកងទ័ពអាមេ រិកប្រចាំតំបន់ប៉ាស៊ីហ្វិក ទៅជាទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Command) ដែលជាការភ្ជាប់រវាងមហាសមុទ្រឥណ្ឌា និងប៉ាស៊ី ហ្វិក។

ការប្រកាសប្ដូរឈ្មោះថ្មីនេះ ធ្វើឡើង នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងពិធីមួយរៀបចំឡើងនៅឯមូលដ្ឋានទ័ពអាមេរិក ភាលហា ប៊ឺ ហីុកខាម (Pearl Harbor-Hickam) ក្នុងរដ្ឋហាវ៉ៃ។ ថ្លែងនៅក្នុងពិធីនោះ លោក Mattis បានលើកឡើងយ៉ាងដូច្នេះថា «ដោយសារការទទួលស្គាល់ការកើនឡើងដ៏ខ្លាំងនៃការភ្ជាប់ទំនាក់ទំនងរវាងមហាសមុទ្រ ឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃ នេះយើងប្រកាសប្ដូរឈ្មោះ ទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ទៅជាទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Command) វិញ។ លើសពីនេះទៅទៀត ការប្ដូរឈ្មោះនេះគឺបង្ហាញពីការប្ដេជ្ញាចិត្តដ៏យូរអង្វែង របស់សហរដ្ឋអាមេរិក ចំពោះតំបន់ប្រសព្វ ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

គួរជម្រាបថា ទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក គឺជាទីបញ្ជាការដ៏ ចំណាស់ និងធំបំផុតមួយក្នុងចំណោមទីបញ្ជាការទាំង៦ របស់កងទ័ពអាមេរិក។ ទីបញ្ជាការនេះទទួលខុសត្រូវលើតំបន់ឥណ្ឌូ-អាស៊ី-ប៉ាស៊ីហ្វិក ព្រមទំាងមានកងទ័ព អាមេរិក និងស៊ីវិលជិត ៣៧៥,០០០នាក់ កំពុងឈរជើងនៅតាមទីតាំងនីមួយៗរបស់ខ្លួន ដែលគ្របដណ្ដប់លើផ្ទៃពាក់កណ្ដាលនៃផែនដី ដោយលាតសន្ធឹង ពីផ្ទៃទឹកឆ្នេរ អាមេរិកភាគខាងលិច ដល់ព្រំដែនភាគ ខាងត្បូងនៃមហាសមុទ្រឥណ្ឌា និងពីតំបន់សមុទ្រនៃទ្វីបអង់តាក់ទិកនៅប៉ូលខាងត្បូង រហូតដល់សមុទ្រអាក់ទិកប៉ូលខាងជើង៕ ម៉ែវ សាធី


ចែករំលែក៖