ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងប្រចណ្ឌ! បុរសវ័យចំណាស់ដុតផ្ទះខ្លួនឯងឆេះម៉ត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយកទៅសួរនាំ បន្ទាប់ពីបុរសរូបនេះបានដុតកម្ទេចផ្ទះខ្លួនឯងឆេះម៉ត់សល់តែផេះ ដែលគេសង្ស័យបណ្ដាលមកពីភ្លើងប្រចណ្ឌប្រពន្ធវ័យក្មេងជាងខ្លួន ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលស្រុកកណ្ដៀងបានបង្ហាញថា ករណីខាងលើនេះបង្កឡើងដោយបុរសវ័យចំណាស់ជាមេគ្រួសារឈ្មោះ វ័រ សារឹម ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ និងប្រពន្ធឈ្មោះ កែម សុខ អាយុ ៣៨ឆ្នាំ។

ប្រភពខាងលើបន្តថា ផ្ទះរងការខូចខាតមានទំហ៊ុំទទឹងប្រវែង ៤ម៉ែត្រ គុណនឹងបណ្ដោយប្រវែង ២៥ម៉ែត្រ ដំបូលប្រក់ស័ង្សសី ជញ្ជាំងបាំងស្លឹក រីឯសម្ភារៈខូចខាតរួមមាន រថយន្តចំនួន ១គ្រឿង កង់ចំនួន ៣គ្រឿង ផ្ទាំងសីឡាចំនួន ២ផ្ទាំង អាគុយចំនួន ២ធុង ធុងបាស់ចំនួន ៣ ទូរដាក់ខោអាវចំនួន ២ ប្រហុកចំនួន ៣ធុង គ្រែចំនួន ៦ ពូកចំនួន ២ តុបាយចំនួន ១ឈុត ចង្រ្កានហ្គ័សចំនួន ១ឈុត និងសម្ភារៈប្រើប្រាសមួយចំនួនធំផងដែរ។

ប្រភពដដែលបន្តទៀតថា ចំពោះករណីខាងលើនេះបណ្ដាលមកពីជនបង្កជាប្តីស្រវឹងស្រាហើយកើតរោគប្រចណ្ឌប្រពន្ធ ចំពោះជនបង្កអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានឃាត់នាំយកទៅសាកសួរអំពីមូលហេតុ នៅអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ៕ ប៉ឹម ពិន


ចែករំលែក៖