ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងរបួស៤នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចណាស់បុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និង៣នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណី នៅលើកំណាត់ផ្លូវជាតិលេខ៥។

នគរបាលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា កាលពីវេលាម៉ោង២រសៀល ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៧-១៣៨ ស្ថិតក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-7998 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ បានជ្រុលបុករថយន្តម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-1152 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណដូចគ្នាយ៉ាងពេញទំហឹង ខណៈកំពុងធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យភាគីខាងរថយន្តកាមរីបាឡែន រងរបួស២នាក់។ ចំណែកអ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោល។

ដោយឡែក ប្រភពព័ត៌មានពីកន្លែងកើតហេតុផ្សេងមួយទៀតបានឲ្យដឹងដែរថា កាលពីវេលាម៉ោង៤ និង៥០នាទីទាបភ្លឺ ថ្ងៃខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ ដោយគេអះអាងថា មានម៉ូតូសណ្ដោងរឺុម៉កដឹកត្រី១គ្រឿង ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ បានជ្រុលបុករថយន្តកុងតឺន័រ(មិនស្គាល់ម៉ាក)ពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូសណ្ដោងនោះឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ប្រភពដដែលបញ្ជាក់ថា អ្នកបើកបរម៉ូតូឈ្មោះ ចាន់ ធា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី៤ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ស្លាប់នៅនឹងកន្លែង) និងអ្នករួមដំណើរឈ្មោះ សង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំជាមួយគ្នា (ត្រូវជាបងថ្លៃសាកសព) បានរងរបួសធ្ងន់។

ក្រោយពេលកើតហេតុ មធ្យោបាយធ្វើដំណើរទាំងអស់ សមត្ថកិច្ចបានយកទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ រង់ចាំដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ។ រីឯជនរងរបួស ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូណ៌។ ដោយឡែកសាកសពអ្នកបើកបររឺុម៉កម៉ូតូ ត្រូវបងប្អូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន

dav


ចែករំលែក៖