ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី​ឆបោក​ប្រាក់​ អៀត​ សារឹម​ ត្រូវ​សាលាឧទ្ធរតម្កល់​ទោស​មួយ​ឆ្នាំ​ដដែល​

ចែករំលែក៖

ភ្នំពេញ​៖ស្ត្រី​ឆបោក​ប្រាក់​ អៀត​ សារឹម​ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨​ ត្រូវ​បាន​សាលាឧទ្ធរណ៍​តម្កល់​សាលក្រម​សាលាដំបូង​ខេត្ត​កណ្ដាល​ ទុក​ជា​បាន​ការ​ដដែល​ ។

លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល និង ជាចៅក្រមជំនុំជម្រះ កាលពី​ថ្ងៃទី១៨ ខែសីហា ឆ្នាំ​២០១៧​ កន្លង​ទៅ​ ប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីឈ្មោះ អៀត សារឹម ដាក់ពន្ធនាគារមួយឆ្នាំ សងសំណងចំនួន ៦ពាន់ដុល្លារអាមេរិក សងសំណងជំងឺចិត្តចំនួន៤ពាន់ដុល្លារ ។

លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តកណ្ដាល យល់ឃើញថា ចរិតប្រព្រឹត្តបទល្មើសរបស់ជនជាប់ ចោទមានលក្ខណៈធ្ងន់ធ្ងរ កលល្បិចជាច្រើន ក្នុងការបោកប្រាស់ជនរងគ្រោះ ។ ដូច្នេះ តុលាការចេញដីកាបង្គាប់ ឱ្យ​ចាប់ខ្លួនជនជាប់ចោទ ក្នុងការប្រកាសសាលក្រមនេះ កំបាំងមុខជនជាប់ចោទ តែចាត់ទុកជាចំពោះមុខ បើកផ្លូវឲ្យជនជាប់ចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។​ ក្រោយ​មក​ជនជាប់ចោទ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ តាម​អំណាច​សាលក្រម​នេះ។

គួររំលឹកថា កាលពីពេលកន្លងទៅ ដើមបណ្ដឹង ប្រតិកម្មខ្លាំងៗ ចំពោះការសម្រេចរបស់សភាស៊ើបសួរ សាលា ឧទ្ធរណ៍ដែលដោះលែងស្ត្រីឈ្មោះអៀត សារឹម ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ទឹកប្រាក់មួយម៉ឺន ដុល្លារអាមេរិក ក្រោយជាប់ពន្ធនាគារជាងមួយខែប៉ុណ្ណោះ ។

ដើមបណ្ដឹង សង្ស័យថា ការសម្រេចនេះបង្កប់ភាពមិនប្រក្រតី ដោយដើមបណ្ដឹង ថានឹងដាក់បណ្តឹងទៅអង្គភាព ប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស៊ើបអង្កេតសំណុំរឿងនេះ ។

លោកស្រី សុខ សោភ័ណ្ឌ ជាដើមបណ្ដឹងអះអាងថា លោក ភូ ពៅស៊ុន ប្រធានក្រុមប្រឹក្សា ជំនុំជម្រះ សភាស៊ើប សួរសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ សម្រេចដោះលែងស្ត្រីឈ្មោះ អៀត សារឹម ឲ្យនៅក្រៅ ឃុំបណ្តោះអាសន្ន ។ ការសម្រេចរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ គឺ ផ្ទុយពីការសម្រេចរបស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ដែលពុំដោះលែងស្ត្រីឈ្មោះ អៀត សារឹម ។

មុនការសម្រេចដោះលែងនេះ គឺ កើតមានភាពមិនប្រក្រតីមួយចំនួន ដែលដើមបណ្ដឹងសង្ស័យថា អាច​បង្កប់អំពើពុករលួយ ។

លោកស្រី សោភ័ណ្ឌ បន្តថា មេធាវីការពារស្ត្រីឈ្មោះ អៀត សារឹម ធ្លាប់និយាយថា នឹងជួយសម្រួល​ឲ្យមានការ​ដោះស្រាយសំណង ។ ប៉ុន្ដែពេលនេះ បានត្រឹមតែជាការសន្យាខ្យល់ ពោលគឺ មនុស្សត្រូវបានដោះលែង រីឯសំណងមួយរៀលក៏ពុំបានទទួល ។

មិនតែប៉ុណ្ណោះ សូម្បីតែពេលសវនាការ និង ការសម្រេចដោះលែងនេះ គឺ ដើមបណ្ដឹងពុំបានដឹងឡើយ នេះបាន​មន្ត្រីសាលាដំបូងខេត្តកណ្ដាល វិញទេ ដែលមានការភ្ញាក់ផ្អើលពេលឃើញ​ដីកាដោះលែង​មនុស្សចំថ្ងៃទី១០ ខែឧសភា ត្រូវថ្ងៃបុណ្យវិសាខបូជា ទើបមន្ត្រីតុលាការខេត្តកណ្ដាល ពុំទទួលយកដីកាស​ម្រេចរបស់​សភា​ស៊ើបសួរសាលាឧទ្ធរណ៍ ហើយជំនួយការរបស់លោកស្រីមេធាវី ត្រឡប់ទៅវិញ ។

ឆ្លើយតបការលើកឡើងនេះ លោកស្រីមេធាវី ធ្លាប់អះអាងថា លោកស្រីធ្វើតែតាមនីតិវិធីប៉ុណ្ណោះ ៕ ឆ ដា


ចែករំលែក៖