ខេត្តកំពង់ចាម ៖ យុវជនម្នាក់ ត្រូវឪពុកម្តាយខាងស្រី ចាប់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច ទាក់ទិនករណីលួចឡើងផ្ទះរួមភេទជាមួយកូនស្រីរបស់ខ្លួនជា អនីតិជន អាយុក្រោម ១៥ឆ្នាំ កាលពីវេលាម៉ោង ២និង៣០ នាទី ទៀបភ្លឺឈានចូលថ្ងៃ អង្គារ ៧ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ប្រព្រឹត្តនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
នគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ អ៊ុង ប៊ុង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងរៃ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។យុវជនរូបនេះ បានលួចឡើង លើផ្ទះរបស់ ជនរងគ្រោះ នៅភូមិជាមួយគ្នានឹងក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ និងបានរួមភេទជាមួយជនរងគ្រោះបានសម្រេច ។ ពេលនោះ ឪពុករបស់ ជនរងគ្រោះឮសំឡេង រើបម្រាស់ក្នុងបន្ទប់កូនស្រីក៏ឡើងទៅទាន់ ក៏បានចាប់ខ្លួនយុវជន ឈ្មោះ អ៊ុង ប៊ុង ហើយរាយការណ៍ ជូនសមត្ថកិច្ចនគរបាលមូលដ្ឋានតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលស្រុកស្ទឹងត្រង់ កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ចាមដើម្បីចាត់ការតាមច្បាប់ ៕ ប្រាថ្នា