ខេត្តព្រះវិហារ៖ សមត្ថកិច្ចផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ បានសហការជាមួយអង្គការអភិរក្សសត្វព្រៃ មន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តព្រះវិហារ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះឃ្លាំង បានចុះដកហូតសត្វស្វាក្តាមរស់ចំនួន៩៥ក្បាលពីប្រជាពលរដ្ឋមួយគ្រួសារដែលលួចចិញ្ចឹមខុសច្បាប់។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពី រសៀលថ្ងៃ សុក្រ ១០ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ សេង គី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចចម្រុះបានឲ្យដឹងថា សត្វស្វាក្តាមដែលសមត្ថកិច្ចធ្វើការដកហូតនោះ គឺប្រជាពលរដ្ឋ លួចចិញ្ចឹមក្នុងរោងដ៏ធំមួយខុសច្បាប់ រួចត្រូវដកហូត ដឹកជញ្ជូនតាមរថយន្តយកទៅរក្សាទុកនៅឧទ្យានជាតិភ្នំតាម៉ៅហើយ។
ដោយឡែកម្ចាស់ជាអ្នកចិញ្ចឹមសត្វស្វាទាំងនេះ ត្រូវបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការទិញ-លក់ និងចិញ្ចឹមសត្វព្រៃដោយខុសច្បាប់តទៅទៀត បើនៅតែមានលើកក្រោយសមត្ថកិច្ចរកឃើញ ថានៅតែមានសកម្មភាពបែបនេះទៀត សមត្ថកិច្ចនឹងចាប់បញ្ជូនទៅតុលាការមិនខាន៕ ប្រាថ្នា