ភ្នំពេញ ៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាន ខេត្តកំពង់ចាម២រូបដែលជាអ្នកថតនិង បង្ហោះរូបភាពរបស់មន្ត្រីនគរបាល៣នាក់ជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលដេកលង់លក់ក្នុងសាលប្រជុំនៅមជ្ឈមណ្ឌលកោះពេជ្រក្នុងពិធីអបអរសាទរខួបលើកទី១១ ទិវា អតីតយុទ្ធជនកម្ពុជាកាលពីថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ត្រូវ បានស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ទោ ឯម កុសល បានសម្រេចដាក់វិន័យដោយព្យួរការងារ បណ្តោះអាសន្ន។ លិខិតព្យួរការងារនោះត្រូវបានគេផ្សព្វផ្សាយកាលពីថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០១៨ ។
មន្ត្រីនគរបាល២រូបដែលជាប់វិន័យ នោះរួមមាន លោកវរសេនីយ៍ឯក ខេង ស្រេង អធិការនគរបាលស្រុកចំការលើ និង លោកវរសេនីយ៍ឯក អឹុម ស៊ាងឌី ប្រធាន ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។
ការដាក់ទោសពិន័យបញ្ឈរជើងមន្ត្រី នគរបាល២នាក់នេះបានកើតឡើងបន្ទាប់ពីរូបថតដេកលង់លក់របស់មេប៉ុស្តិ៍៣នាក់ត្រូវបានបង្ហោះ និងចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកនាំឲ្យមានទាំងការរិះគន់ជាច្រើនពីសាធារណជន ។
ដោយឡែកមន្ត្រីនគរបាល៣នាក់ដែលដេកលង់លក់ក្នុងសាលប្រជុំដែលសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ ចូលរួមនោះមិនត្រូវបានគេផ្សព្វផ្សាយពី ការដាក់ទណ្ឌកម្មអ្វីទេ។ មន្ត្រីនគរបាលទាំង ៣នាក់នោះអះអាងថា ដេកមុនពេលសម្តេច តេជោ ហ៊ុន សែន អញ្ជើញដល់ ។
លោកស្នងការនគរបាលខេត្តកំពង់ ចាមក៏បានបំភ្លឺថា មេប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៣នាក់នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនោះបានបំពេញភារកិច្ចច្រើនកាលពីយប់ដោយចុះល្បាតតាមមូលដ្ឋាន ហើយ ដេកនោះគឺដេកមួយភាំងមុនកិច្ចប្រជុំចាប់ ផ្តើមប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយការដកបញ្ឈរជើង អ្នកថតរូបមន្ត្រីនគរបាលដេកនេះត្រូវបានគេចំអកថា អ្នកដេកនៅក្នុងអំឡុងពិធីរួច ខ្លួន ហើយបែរជាមកដកបញ្ឈរជើងអ្នក ដែលថតរូបទៅវិញ។ ករណីនេះប្រៀបដូច រឿង “ចោររួចខ្លួនម្ចាស់ជាប់គុក” ។
ចំណាត់ការរបស់លោកស្នងការនេះ ហាក់ដូចជាការលើកទឹកចិត្តមន្ត្រីនគរបាលខិលខូចឲ្យបន្តល្មើសវិន័យ។ ចំណែកអ្នក ឃើញនិងដឹងទង្វើមិនល្អហើយប្រាប់ថ្នាក់លើបែរជាទទួលទោសវិញ ។
គេទទួលស្គាល់ថា មន្ត្រីនគរបាលពាក់ស័ក្តិ៣ជាមេប៉ុស្តិ៍នគរបាលតាមបណ្តាឃុំនានានៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាមដឹក នាំកម្លាំងនគរបាលមូលដ្ឋានដើរល្បាត ទាំងយប់ដើម្បីការពារសន្តិសុខសុវត្ថិភាព របស់ប្រជាជន។ ប៉ុន្តែនៅថ្ងៃប្រជុំកាលពី ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ នៅកោះ ពេជ្រ រាជធានីភ្នំពេញគឺលោកមេប៉ុស្តិ៍ទាំង ៣នាក់ដែលដេកនោះមិនមែនក្រោកពី កណ្តាលយប់ចេញពីផ្ទះឡើងមកភ្នំពេញទេ។ ពួកគាត់ចេញពីផ្ទះតាំងពីថ្ងៃអាទិត្យ ហើយនៅយប់ថ្ងៃអាទិត្យនោះច្បាស់ជាពួកគាត់មកដេកសម្រាកនៅភ្នំពេញដើម្បីត្រៀមចូលរួមកិច្ចប្រជុំ ។
នៅពេលមកដល់រាជធានីភ្នំពេញមិន ដឹងជាលោកមេប៉ុស្តិ៍ជួបជុំមិត្តភក្តិបនភឿន ដើរលេងផឹកស៊ីចូលហាងខារ៉ាអូខេប៉ុន្មានកន្លែងហើយដល់ម៉ោងប៉ុន្មាននោះទេទើបបានជាងងុយដេករហូតដល់លង់លក់ក្នុងសាលប្រជុំដូច្នេះ?
នរណាមិនដឹង! បើនិយាយពីលោក លី ថូ មេប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយសាច់ភ្នំ (រូបដេកពាក់វ៉ែនតានៅកណ្តាលក្នុង ចំណោម៣នាក់) ស្រុកស្រីសន្ធរ ខេត្តកំពង់ ចាមបើមើលតាមហ្វេសប៊ុករបស់គាត់ឈ្មោះ Li Tho គឺគាត់សកម្មណាស់ក្នុងការងារ សង្គមបម្រើប្រជាពលរដ្ឋ បោសដី លាងដី លើស្ពាន ចុះជួបនិងនាំអំណោយជូនប្រជាពលរដ្ឋក្រីក្រ ដឹកនាំកម្លាំងល្បាតពេលយប់ នៅក្នុងភូមិទាំង៤ក្នុងឃុំស្វាយសាច់ភ្នំជាដើម។ ប៉ុន្តែគេក៏ដឹងដែរថា លោកមេប៉ុស្តិ៍ ស្វាយសាច់ភ្នំក៏មានកម្មវិធីជួបជុំមិត្តភក្តិ បងប្អូន ពួកម៉ាកផឹកស៊ីនៅប៉ុស្តិ៍នគរបាល រដ្ឋបាលស្វាយសាច់ភ្នំដែលទើបបង្កើតថ្មី នៅក្រោមដើមចាមរី ក្បាលស្ពានថ្មមុខ សាលារៀនបឋមសិក្សា ហ៊ុន សែន ស្វាយ សាច់ភ្នំដែរ។ នៅពេលឡើងមកភ្នំពេញ ម្តងៗលោកមេប៉ុស្តិ៍ក៏មានមិត្តភក្តិដឹកតាម រថយន្តចូលហាងមិនតិចនោះដែរ ។
សរុបមកស្នងការនគរបាលខេត្តកំពង់ ចាមត្រូវតែមានចំណាត់ការតឹងរឹុងលើកូនចៅរបស់ខ្លួនដែលជាមន្ត្រីនគរបាលដេក ទាំង៣នាក់ដោយត្រូវទទួលពិន័យធ្ងន់ធ្ងរជាងអ្នកថតបង្ហោះគឺមិនត្រឹមតែអប់រំណែ នាំនោះទេក៏ត្រូវបញ្ឈរជើងពីការងារ ហើយ ធ្វើកិច្ចសន្យាឈប់ឲ្យមានរឿងដេកលង់ លក់ពេលចូលរួមប្រជុំកើតឡើងទៀត ។
ចំណែកអ្នកថតរូបបង្ហោះតាមហ្វេសប៊ុកក៏គួរតែទុកមុខទុកមាត់ឲ្យនគរបាលគ្នាឯងផងដែរ។ បើឃើញគាត់ដេកគ្រាន់តែដាស់គាត់បានហើយឬក៏ជូនគាត់ទៅដេក នៅអូតែលវិញ ហើយចាំធ្វើរបាយការណ៍ បូកសរុបលទ្ធផលកិច្ចប្រជុំជូនគាត់តាមក្រោយក៏បាន ៕ ហេង សូរិយា