ប៉ោយប៉ែត៖ បុរសម្នាក់ទើបចេញពីធ្វើការកាស៊ីណូ ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូតាមកាប់របួសធ្ងន់ បង្កភ្ញាក់ផ្អើលតាមផ្លូវជាតិលេខ៥ ក្បែរចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមិនដឹងពីមូលហេតុកាលបីវេលាម៉ោង៨យប់ ថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះហុង សុថៃ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូត្រូពីកាណា រងរបូសចំក្បាលដេរ១១ថ្នេរ រស់មៅភូមិប្រជាធម៌ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះបានជិះម៉ូតូឌ្រីមសង់សេរីឆ្នាំ២០១៧ពាក់ស្លាកលេខ បាត់ដំបង 1X.5932 ចេញពីធ្វើការក្នុងដំណើរពីលិចទៅកើត (ឆ្ពោះមកផ្ទះ)ស្របពេលនោះ មានជនសង្ស័យបើកបរម៉ូតូគ្នា២នាក់ ជិះម៉ូតូឌ្រីមសង់ពណ៏ខ្មៅ មិនស្គាល់សេរី មកពីទិសដៅពីលិចមកកើត ស្របទិសជាមួយគ្នា ដោយមិនដឹងខ្លួន ជនសង្ស័យទាញកាប់កាំបិតកាប់ពីក្រោយ បណ្តាលឲ្យជនរងគ្រោះរបួសធ្ងន់ចំក្បាល និងដួលម៉ូតូតែម្តង ហើយរត់គេចបាត់ស្រមោល ជនរងគ្រោះត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ។
ប្រភពបន្តថា រវាងជនរងគ្រោះនឹងជនសង្ស័យជាមនុស្សមិនធ្លាប់ស្គាល់គ្នានោះទេ ហើយការកាប់ដោយកាំបិតសាំម៉ូរ៉ៃនេះក៏មិនដឹងពីមូលហេតុផងដែរ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែតប្រាប់តាមទូរស័ព្ទថា ករណីខាងលើ ពិតជាកើតមានមែន ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ៕ វណ្ណា