ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរជាតិ ក្រសួងមហាផ្ទៃ បានធ្វើពិធីប្រគល់ថវិកាលើកទឹកចិត្តជូនអង្គភាពដែលមានស្នាដៃក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី២ ចំនួនសរុប១,១៦៦,២៥៦,៨០០រៀលស្មើនឹង២៩១,៥៦៤.២ដុល្លារ ។
ពីធីនេះទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពលោកនាយឧត្តមសេនីយ៍ មាស វិរិទិ្ធអគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងលោកនាយឧត្តមសេយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនមន្ទីរប្រឆាំងគ្រឿងញៀន ។
លោក ម៉ក់ ជីតូ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់តាំងឡើងឲ្យកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីចូលរួមយ៉ាងសកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀនឈានចូលដល់ដំណាក់កាលលើកទី៣ ។ ដោយឡែកនៅថ្ងៃនេះបូកសរុបក៏ដូចជាធ្វើពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់អង្គភាពដែលមានស្នាដៃ ។ ជារួមក្នុងយុទ្ធនាការនេះរាជរដ្ឋភិបាលបានផ្តល់រង្វាន់លើកទឹកចិត្តដល់អង្គភាពមានស្នាដៃចំនួនប្រាក់សរុប១,១៦៦,២៥៦,៨០០រៀល ។
លោកក៏បានបន្តថា នេះគឺជាការផ្តល់រង្វាន់ដល់អង្គភាពដែលមានស្នាដៃយុទ្ធនាការលើកទី២ ហើយអង្គភាពណាដែលពុំទាន់បានរង្វាន់ទេនោះ កុំអាក់ស្រពន់ចិត្តគឺនឹងទទួលបាននូវយុទ្ធនាការលើកទី៣ ។ រង្វាន់ដែលបានផ្តល់ជូននេះក៏មានអង្គភាពកងរាជអាវុធហត្ថ ដែលជាសេនាធិការផងដែរក្នុងយុទ្ធនាការលើកទី២នេះ ។ ការបែងចែកប្រាក់រង្វាន់នេះតម្កល់ទុកក្នុងអង្គភាព២០ភាគរយ មេបញ្ជាការករណី១០ភាគរយ ម្ចាស់ករណី៣០ភាគរយ កម្លាំងសម្ងាត់១០ភាគរយ អ្នកចូលរួម៣០ភាគរយ ក្នុងនោះមាន៖ កម្លាំងចូលរួមផ្ទាល់១៥ភាគរយ ព្រះរាជអាជ្ញាដឹកនាំផ្ទាល់១០ភាគរយ និងមន្ទីរពិសោធន៍៥ភាគរយ ។ រីឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស១៥ភាគរយដើម្បីបន្តការងារទៀត ។
ជាមួយគ្នានេះផងដែរ លោក នាយឧត្តមសេនីយ៍ មាស វីរិទិ្ធ អគ្គលេខា នៃអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានលើកឡើងផងដែរថា ថ្ងៃនេះគឺជាព្រឹតិ្តការលើកទី២ហើយដែលបានរៀបចំផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា ដែលជាការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តួចផ្តើមរបស់សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានដឹកនាំយុទ្ធនាការគ្រឿងញៀនខុសច្បាប់ ។ ប្រាក់រង្វាន់នេះគឺជាប្រាក់រង្វាន់ដែលរាជរដ្ឋាភិបាលប្រគល់ជូន ហើយក្នុងនោះក្រសួងមហាផ្ទៃ៥០ភាគរយ ដោយឡែកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានចូលរួម៥០ភាគរយផងដែរ ។ លោកក៏បានពន្យល់បញ្ជាក់ឲ្យដឹងដែរថា ថវិកានេះបានមកពីណា? គឺថវិកាបានតាមរយៈការរឹបអូសទ្រព្យដែលកើតឡើងទាក់ទងនឹងបទល្មើសគ្រឿងញៀន ចឹងទេការទទួលបានថវិកានេះគឺជាសារៈសំខាន់សមិទិ្ធផលនិងជាស្នាដៃបង្ក្រាបពីសំណាក់កងកម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាំងពីមុនពេលនិងក្រោយពេលអនុវត្តន៍បើកយុទ្ធនាការលើកទី១ លើកទី២ ហើយនិងបន្តដល់លើកទី៣នេះ ។
លោក មាស វីរិទិ្ធ បានមានប្រសាសន៍បន្តទៀតថា កិច្ចការសំខាន់ៗក្នុងការបង្ក្រាបគ្រឿងញៀនបានចូលរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យរដ្ឋយើងទទួលបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបៀបរាបរយបានល្អ និងជាពិសេសបានចូលរួមចំណែកអនុវត្តន៍នូវគោលនយោបាយភូមិឃុំមានសុវតិ្ថភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាបានរៀបចំនិងបង្កការលកិ្ខណៈក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧កន្លងទៅ និងត្រៀមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ក្នុងឆ្នាំ២០១៨នេះ ។
លោកក៏បានមានប្រសាសន៍បន្ថែមថា ថ្វិត្បិតតែថវិកានេះតិចតួចក៏ពិតមែន ក៏ប៉ុន្តែនេះគឺជាការកិច្ចខិតខំរបស់កងកម្លាំងនគរបាលជាតិ និងអាជ្ញាធរពាក់ព័ន្ធ ហើយថវិកាដែលបានទទួលទៅហើយនោះក៏សូមឲ្យមានការបែងចែកឲ្យបានសមស្រប ។ ដោយឡែកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៣ សង្កេតឃើញថា បើតាមទូរលេខដូចជាមានការកើនឡើងជាង៩០គីឡូក្រាមហើយ តែទោះបីជាទូរលេខនេះឡើងក៏ពិតមែន តែសម្តេចក្រឡាហោមនៅតែបន្តខិតខំផ្តល់ការលើកទឹកចិត្តប្រាក់រង្វាន់ដដែល ។ ចឹងទេកងកម្លាំងត្រូវបន្តខិតខំ ។
ក្នុងនោះលោកអគ្គលេខធិការ នៃអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានស្នើសុំដល់មន្ត្រីនគរបាលគ្រឿងញៀន ដែលស្នើសុំឧបករណ៍ពិនិត្យទឹកនោមនោះឲ្យមានរបាយការណ៍ថ្នាក់លើផង ប្រើប្រាស់អស់ប៉ុន្មាន? ព្រោះងាយស្រួលធ្វើរបាយការណ៍ទៅក្រសួងហិរញ្ញវត្ថុ ។
គួរបញ្ជាក់ផងដែរថា មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន២៦ករណី ទទួលបានប្រាក់រង្វាន់៧១៩,៧៤៨,៤០០រៀលស្មើនឹង១៧៩,៩៣៧.១ដុល្លារ ។ ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន(TCT) បង្ក្រាបបាន២ករណី ទទួលបានប្រាក់រង្វាន់៥៧,២៦២,៨០០រៀលស្មើនឹង១៤,៣១៥ដុល្លារ ។ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន១១ករណី ទទួលបានប្រាក់រង្វាន់សរុប ២២៧,៤៩១,៦០០រៀល ស្មើនឹង ៤៦,៨៧២ដុល្លារ ។ ដោយឡែកកងរាជអាវុធហត្ថ បង្ក្រាបបាន១៥ករណី ទទួលបានប្រាក់រង្វាន់សរុបចំនួន១៦១,៧៥៤,០០០រៀល ស្មើនឹង ៤០,៤៣៨ដុល្លារ៕ តាឡឹម