ភ្នំពេញ៖ ក្រុមកម្មកររោងចក្រចំនួន៤០នាក់ តំណាងឲ្យកម្មករ២០០នាក់ បាននាំគ្នាធ្វើដំណើរមកសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ សុំការអន្តរាគមន៍កាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីបុរសម្នាក់ និងនារីម្នាក់បានអះអាងថា ជារដ្ឋបាលរោងចក្រមួយកន្លែង ប្រកាសជ្រើសរើសបុគ្គលិកជាច្រើននាក់ ដោយតម្រូវឲ្យពួកគាត់បង់លុយជាមុនហើយសន្យាថានាំចូលធ្វើការ ។
បើតាមយុវជនម្នាក់ឈ្មោះ ផេង ចាន់ថូ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅ ភូមិស្ពានតោ ឃុំរឡាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឃើញក្រដាសដែលគេបិទតាមបង្គោលភ្លើង និងជញ្ជាំងតាមផ្លូវថា ត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់ និងមិនត្រូវការបទពិសោធន៍ ទើបរូបគាត់ទំនាក់ទំនងតាមទូរស័ព្ទ និងណាត់ជួបបុរសម្នាក់ឈ្មោះ តុលា ។ លុះនៅថ្ងៃ២០ ខែឧសភា ឆ្នាំ២០១៨ រូបគាត់ក៏មកជួបបុរសម្នាក់ឈ្មោះ តុលា ដែលអះអាងថា ជារដ្ឋបាល បានតម្រូវឲ្យបង់លុយមុនចំនួន៥០$ និងសន្យាថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នឹងនាំចូលធ្វើការ ។
សាក្សីបន្តទៀតថា រហូតមកដល់ថ្ងៃកើតហេតុរូបគាត់ និងក្រុមកម្មករជាច្រើននាក់ទៀត បាននាំគ្នាមកចូលធ្វើការតាមអ្វីដែលបុរសរដ្ឋបាលនោះសន្យា ។ តែអ្វីដែលហួសចិត្តនោះ ខណៈដែលក្រុមកម្មករជាង២០០នាក់ បានមកធ្វើការ បែរជាកន្លែងរោងចក្រឆ្លើយថា មិនមានរើសបុគ្គលិកនោះទេ ហើយក៏មិនស្គាល់ឈ្មោះ តុលា ដែលអះអាងថា រដ្ឋបាលដែរ ទើបនាំគ្នាភ្ញាក់ខ្លួនថា ចាញ់បោកគេហើយបាននាំគ្នាទៅសាលាសង្កាត់ចោមចៅ៣ សុំការអន្តរាគមន៍ តែម្តង ។
ជនរងគ្រោះបានបញ្ជាក់ថា រោងចក្រដែលបុរសឆបោកប្រាប់យកមកធ្វើជាឈ្នាន់នោះឈ្មោះ វីនសាន់ ដែលបានទីតាំងនៅក្នុងដំបន់សេចកិច្ចពិសេស ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ តែពួកគេមកប្រគល់លុយនៅក្នុងបុរីញូវថោន សង្កាត់ចោមចៅ៣ ។
ជនរងគ្រោះបានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីខាងលើនេះ ក្រុមកម្មករខ្លះចាប់ បង់លុយរហូត១០០$ និងលើសពីនេះទៅទៀតក៏មានដែរ ៕ សុខាសែនជ័យ