ព័ត៌មានទាន់ហេតុការណ៍៖

លួចដុតបំផ្លាញសាលាឆាន់ទំហំ១០ម៉ែត្រគុណ២១ម៉ែត្រឆេះសន្ធោសន្ធៅ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ សាលាឆាន់ទំហំទទឹង១០ម៉ែត្របណ្តោយ២១ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង បានរងការឆាបឆេះ ខណៈមានជនខិលខូចលួចដុតបំផ្លាញ បណ្តាលឲ្យខូចខាតសម្ភារមួយចំនួនដូចជា ៖ ទូដាក់សម្ភារធ្វើ អំពីឈើចំនួន១ ចានឆ្នាំង ទូកឈើចំនួន១ គ្រែ ដេកចំនួន៥ ។

សមត្ថកិច្ចដែលចុះអន្តរាគមន៍បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីវេលាម៉ោង២ និង១៥នាទីទៀបភ្លឺ ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យស្រុកកំពង់សៀមបានសហការជាមួយកម្លាំងបង្ការពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានចេញរថយន្តទៅ ជួយអន្តរាគមន៍ពន្លត់ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៧រថយន្តទើបរលត់ ។ សាលា ឆាន់ដែលត្រូវរងការឆេះមានទំហំ១០ម៉ែត្រគុណ២១ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿង ។ ចំណែកខូចខាតសម្ភារដូចជា ៖ ទូរដាក់សម្ភារធ្វើអំពីឈើចំនួន១ ចានឆ្នាំង ទូកឈើចំនួន១ គ្រែដេក ចំនួន៥ ។

សាក្សីបាននិយាយឲ្យដឹងថា ការឆេះសាលាឆាន់នេះ គឺដោយសារឈ្មោះ ពៅ សុភាព ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិល្វាទេ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាអ្នកដុតបំផ្លិចបំផ្លាញ ។

ក្រោយការស្រាវជ្រាវ កម្លាំងសមត្ថកិច្ចជំនាញស្រុកកំពង់សៀម សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ហាន់ជ័យចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ ពៅ សុភាព ភេទប្រុស អាយុ៣២ឆ្នាំ នាំមកកាន់អធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដើម្បីសួរនាំរៀបចំ កសាងឯកសារសំណុំរឿងតាមនីតិវិធី ៕ វណ្ណៈ


ចែករំលែក៖