ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរប្រដាប់អាវុធ២នាក់ត្រូវបាននគរបាលចាប់ខ្លួនខណៈដែលធ្វើសកម្មភាពលួចទូរស័ព្ទដៃពលរដ្ឋកំពុងជិះម៉ូតូតាមដងផ្លូវ

ចែករំលែក៖

ខេត្តកណ្ដាលៈ នគរបាលក្រុងតាខ្មៅបង្រ្កាមុខសញ្ញាក្រុមជនសង្ស័យបាន២នាក់ក្នុងចំណោមបក្ខពួក៤នាក់ ខណៈដែលក្រុមជនសង្ស័យខាងលើធ្វើសកម្មភាពឆក់ទូរស័ព្ទនារីម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវ ។ ប្រតិបត្ដិការចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៩និង១០នាទី ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចភ្លើងស្តុបតាលន់ ស្ថិតក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្រុមជនសង្ស័យមានគ្នា៤នាក់ ចាប់ខ្លួនបាន២នាក់ ទី១-ឈ្មោះ ណុប ភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ហួច លាងហួរ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រីឯជនសង្ស័យ២នាក់ទៀតរត់គេចខ្លួនទី១-ឈ្មោះ មឿង សុផៃ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី២-ឈ្មោះចាន់ វណ្ណី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ទា លីស័ង ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់ខោអាវ មានទីលំនៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ដោយឡែកសម្ភារៈបាត់បង់មានមានទូរស័ព្ទដៃ១គ្រឿង ម៉ាកiphone 6 ពណ៌ទឹកមាស រីឯវត្ថុតាងដកហូតបានមាន៖ ស្រោមអាវុធខ្លី ពណ៌ខ្មៅចំនួន១ និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សង់ប៉ិច ពណ៌ខ្មៅ បិតតែមពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1BF-1574 ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូជាមួយម្តាយចេញពីកន្លែងលក់ខោអាវរបស់ខ្លួននៅឯមាត់ទន្លេក្រុងតាខ្មៅ ដែលម្ដាយនារីរងគ្រោះជាអ្នកឌុបចំណែកនារីរងគ្រោះជិះពីក្រោយដោយកាន់ទូរស័ព្ទរបស់ខ្លួននៅនឹងដៃ ខណៈនោះស្រាប់តែមានជនសង្ស័យគ្នា៤នាក់ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកហុងដាឌ្រីម សង់ប៉ិច ពណ៌ខ្មៅបិតតែមទឹកប្រាក់ និងមួយគ្រឿងទៀតម៉ាកNex ពណ៌ស មិនចាំស្លាកលេខ ជិះមកទន្ទឹមនិងជនរងគ្រោះ រួចជនសង្ស័យម្នាក់ឈ្មោះ ចាន់ វណ្ណី (ហៅនី) បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃនារីរងគ្រោះយកទៅ ខណៈនោះជនរងគ្រោះក៏បានស្រែកឆោឡោរថាចោររៗ ភ្លាមនោះជនសង្ស័យម្នាក់ទៀតឈ្មោះ មឿង សុផៃ បានដកអាវុធខ្លីម៉ាកK៥៤ អាម៉េភ្ជង់បាញ់នារីរងគ្រោះនិងសមត្ថកិច្ចចរាចរណ៍ដែលយាមនៅទីនោះ តែសំណាងល្អបាញ់មិនចេញ(មិនផ្ទុះ) ក៏មានប្រជាពលរដ្ឋនិងសមត្ថកិច្ច បានអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ណុប ភារ៉ា ព្រមទាំងដកហូតវត្ថុតាងដូចបានរៀបរាប់ខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីសាកសួរចាត់ការតាមនីតិវិធីច្បាប់ ។

ក្រោយពីសាកសួរជនសង្ស័យឈ្មោះ ណុប ភារ៉ា រួច សមត្ថកិច្ចក៏បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ ហួច លាងហួរ អាយុ១៧ឆ្នាំ បានបន្ដទៀតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ។ ចំណែកឯជនសង្ស័យ២នាក់ទៀតដែលរត់គេចខ្លួន គឺត្រូវសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវចាប់ខ្លួនបន្ដទៀត ៕ ស្អាងជ័យ


ចែករំលែក៖