ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកកកបុករះម៉ូតូនិងរថយន្តសាំយ៉ុងចតស្ងៀមជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តទ្រុងដឹកទឹកកក១គ្រឿង បានបើកបរក្នុងល្បឿនលឿនហើយមិនដឹងថា អ្នកបើកបរងងុយដេក ឬស្រវឹងស្រានោះឡើយ ហើយបានជ្រុលទៅបុករះម៉ូតូ១គ្រឿង រងការខូចខាត រួចបានបន្តទៅបុករថយន្តសាំយ៉ុង១គ្រឿងទៀត ដែលកំពុងចតស្ងៀម បណ្ដាលឲ្យរថយន្តសាំយ៉ុង រងការខូចខាតក្រពឹត១ចំហៀង ទើបរថយន្តដឹកទឹកកកនេះឈប់ស្ងៀម ។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្កនោះម៉ាកហ៊ីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2W-5800 ជាប្រភេទរថយន្តទ្រុងដឹកទឹកកក ចំណែកម៉ូតូ ដែលត្រូវរថយន្តបង្កបើកបុកម៉ាកស៊ុយហ្ស៊ុយគីលែត ពណ៌សលាយខៀវ និងរថយន្តសាំយ៉ុងដែលកំពុងឈប់ចតស្ងៀម ហើយត្រូវរថយន្តខាងលើបើកបុកបណ្ដាលឲ្យរងការខូចខាតដែរនោះ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AO-6801 ហើយទាំងអ្នកបើកបររថយន្តទាំង២គ្រឿង និងអ្នកជិះម៉ូតមិនត្រូវបានស្គាល់ឈ្មោះឡើយ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តដឹកកកបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មិនដឹងថា អ្នកបើកបរងងុយដេកឬស្រវឹងស្រាឡើយ ស្រាប់តែរេចង្កូតជ្រុលទៅបុករះម៉ូតូ និងរថយន្តខាងលើជាបន្តបន្ទាប់ ប៉ុន្តែជាសំណាងល្អមិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នៅក្នុងឧប្បត្តិហេតុមួយនេះឡើយ ។ មិនតែប៉ុណ្ណោះក្រោយពេលកើតហេតុ ភាគីទាំង២បានសម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុនោះតែម្ដង ៕ សុខាសែនជ័យ


ចែករំលែក៖