ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីរងនូវភាពអយុត្តិធម៌ ថៅកែបម្រុងស៊ីដាច់រង្វាន់ធំ(រថយន្ត) បុរស ម្នាក់បានបង្ហោះវីដេអូឃ្លីប បង្ហាញពីការត្រូវរង្វាន់ធំពីក្រុមហ៊ុនតែបៃតង Oishi នៅលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយត្រូវបានថៅកែរបស់ខ្លួនមានគំនិតទុច្ចរិតស៊ី ដាច់រង្វាន់រថយន្តរួចមក កម្លាំងនគរបាលជំនាញខេត្តត្បូងឃ្មុំបានបើកការស្រាវជ្រាវស៊ើបអង្កេត ពោលគឺបានហៅលោកថៅកែហាងខារ៉ាអូខេ «យីហោវិមានទ្រព្យ» ប្រគល់គម្របដបតែបៃតង Oishi មកឲ្យសមត្ថកិច្ចដោះស្រាយ ។
យោងតាមប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកស្នងការនគរបាលខេត្តត្បូងឃ្មុំមានខ្លឹមសារយ៉ាងដូច្នេះថា «សូមជម្រាបជូនបងប្អូនក្នុងបណ្តាញសង្គម ទាំងអស់ បន្ទាប់ពីបានឃើញការបង្ហោះរបស់យុវជនម្នាក់ កាលពីរាត្រីទី១១ ខែមិថុនា ឆ្នាំ២០១៨ភ្លាម កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវ ដោយលទ្ធផលជំនាញរកឃើញថា ករណីនេះជារឿងពិត»។
នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកស្នងការនគរបាលបញ្ជាក់ទៀតថា ពាក់ព័ន្ធមនុស្ស៣នាក់ មានកម្មករ២នាក់ (ម្នាក់ពិកា) ផ្តើមចេញពីលុយធិប៥ពាន់រៀល បាននាំគ្នាទៅទិញតែបៃតង Oishi ១ដបហូប២នាក់គ្នាពីរនាក់ ខណៈបើកគម្របដបឃើញ រូបឡាន ។ ដោយអ្នកទាំង២ខ្លាចបាត់គម្របយកទៅផ្ញើថៅកែការ៉ាអូខេ វិមានទ្រព្យ តែរង្វាន់នេះមិនទាន់បើកបាននៅឡើយទេ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះអ្នកទាំង៣កំពុងបំពេញកំណត់ហេតុនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ខាងសមត្ថកិច្ចក៏បានទំនាក់ទំនងទៅក្រុមហុ៑នដើម្បីផ្អាកផ្តល់រង្វាន់សិន រង់ចាំការដោះស្រាយតាមច្បាប់បានចប់សព្វគ្រប់ ។ អ្នកទាំង៣នាក់ និងគម្របដបតែបៃតង Oishi ដែលពាក់ព័ន្ធនឹងករណីនេះកំពុងស្ថិតនៅកន្លែងនគរបាលស្រុកមេមត់ ។
គួrរំឭកថា បុរសដែលបង្ហោះវីដេអូឃ្លីបទាមទារកយុត្តិធម៌ពីអាជ្ញាធរ សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ដោះស្រាយឈ្មោះ ហែម និមល ។ ក្នុងវេដេអូឃ្លីបបានរៀបរាប់ថា ខ្លួនបានទិញតែបៃតង OISHI យកមកហូប ពេលបើកគម្របត្រូវរង្វាន់រថយន្ត១គ្រឿង តែដោយសារ ខ្លួនខ្លាចបាត់បង់ ក៏យកគម្របដបទៅផ្ញើនៅថៅកែហាង«វិមានទ្រព្យ» ។ ក្រោយពីផ្ញើបានប៉ុន្មានថ្ងៃក្រោយមកថៅកែបានខ្ចីទូរស័ព្ទយកទៅបើករង្វាន់យករង្វាន់ឡាននោះ ធ្វើជាកម្ម សិទ្ធិផ្ទាល់ខ្លួន ។ មិនតែប៉ុណ្ណោះថែមទាំងគំរាមមិនអោយជនរងគ្រោះប្រាប់ពីការត្រូវរង្វាន់ទៀតផង ។ ដោយសាររងនូវភាពអយុត្តិធម៌បែបនេះ ទើបខ្លួនចេញវីដេអូឃ្លីបអំពាវនាវឲ្យ សមត្ថកិច្ចជួយអន្តរាគមន៍ជួយរកយុត្តិធម៌ ៕ វណ្ណៈ