ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ រួមដំណើរជាមួយមិត្តភក្តិប្រុសស្រី២នាក់ទៀត បើករថយន្តលឿនពេករេចង្កូតជ្រុលទៅបុកម៉ូតូឡាំប្រឺតាឥណ្ឌា ដែលកំពុងបើកបរដោយបុរសម្នាក់ធ្វើដំណើរឆ្លងផ្លូវពេញទំហឹង ប៉ើងក្រឡាប់ផ្ងារកង់ម្ខាង បណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់ គេឃើញនារីវ័យក្មេងម្នាក់ រួមដំណើរជាមួយមិត្តភក្តិប្រុសស្រី២នាក់ទៀត បើករថយន្ត១គ្រឿង ម៉ាកម៉ាស្តារ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-6002 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ។ ខណៈមកដល់ផ្លូវបំបែកជាបួន បានជ្រុលចង្កូតទៅបុកម៉ូតូឡាំប្រឺតាឥណ្ឌា១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GR-8406 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ៣១០ ដែលកំពុងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតចំពាក់កណ្តាលពេញទំហឹង ប៉ើងប្រមាណជាង៣០មែត្រក្រឡាប់ផ្ងាររកង់ម្ខាង បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូឡាំប្រឺតារងរបួសស្រាល ។ ចំណែករថយន្ត ក្រោយពេលបង្កហេតុរួច មិនបានឈប់ទទួលខុសត្រូវនោះទេ ដោយបានព្យាយាមបើករត់គេច តែត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងជិះល្បាតក្នុងភូមិសាស្រ្តខាងលើឃើញទាន់ ក៏ដេញតាមពីក្រោយ រហូតមកដល់ខាងលិចវិមានឯករាជ្យ ផ្លូវព្រះសីហនុ ទើបឃាត់រថយន្តបាន និងយកមកកន្លែងកើតហេតុវិញដើម្បីដោះស្រាយគ្នា ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានវាស់វែងយក រថយន្ត និងម៉ូតូឡំប្រ៊ីតា ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយនៅពេលក្រោយ៕ ជ្រោយពេជ្រ