ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តទៅបុកទ្រូងផ្លូវ តែត្រូវលោកអធិការរងខណ្ឌទួលគោកម្នាក់ចេញមុខមកហាមអ្នកកាសែតថតរូប

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើកបររថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តដាច់ក្រឡេកង់ទៅមុខលែងរួច ចំណែកទ្រូងផ្លូវវៀច តែរឿងដែលចំឡែកនោះក្រោយកើតហេតុមានលោកអធិការរងខណ្ឌទួលគោកម្នាក់ចេញមុខមកហាមអ្នកសារពត៌មានយើងមិនឲ្យថតយករូបភាពគ្រោះថ្នាក់ចរាចរនេះទេ ។

ហេតុការណ៍នេះកើតឡើងកាលពីវម៉ោងជិត១រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវកម្ពុជាក្រោមខាងលិចស្តុបDN ប្រមាណ២០ម៉ែត្រ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។

តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX400 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AA-4333 ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យវៀចអស់២កង់ ។ ចំណែកឯរថយន្តដាក់ក្រឡេកង់ខាងឆ្វេងទៅមុខលែងរួច ។ ភ្លាមៗនេះអ្នកបើកបររថយន្តបង្កបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។ តែរឿងដែលចំឡែកនោះក្រោយកើតហេតុមានលោកអធិការរងខណ្ឌទួលគោកម្នាក់(ព្រះនាមសកល១១) ចេញមុខមកហាមអ្នកសារពត៌មានយើងមិនឲ្យថតយករូបភាពគ្រោះថ្នាក់ចរាចរនេះទេ ។

បន្ទាប់ពីកើតហេតុរថយន្ដត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖