ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបស្រីចេញពីហាងខារ៉ាអូខេបុកគោយន្តកន្រ្តៃស្លាប់ម្នាក់ របួស១នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងនារីរួមដំណើរម្នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងអ្នកជិះម៉ូតូបុកជាមួយគោយន្តកន្រ្តៃ នៅគ្រាដែលកំធ្វើចរាចរណ៍បញ្រ្ចាស់ទិសគ្នា ដែលគេសង្ស័យបណ្ដាលមកពីកតាស្រវឹងស្រាជោគជាំ ។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា នៅម៉ោងខាងលើគេឃើញបុរសម្នាក់ឈ្មោះ ផែន រ៉ា អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូររំចេក ឃុំចក ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងនារីរួមដំណើរម្នាក់ទៀត(មិនស្គាល់អត្តញ្ញាណ) ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៧ ពណ៏ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះទៅដល់ចំណុចកើតហេតុបានបុកជាមួយគោយន្តកន្រ្តៃពេញទំហឹង ខណៈកំពុងធ្វើចរាចរណ៍បញ្រ្ចាស់គ្នាបណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ និងស្រ្តីរួមដំណើររងរបួសធ្ងន់រដូករណេលតែម្តង ។

លោក វរសេនីយ៍ឯក បន្តថា ភ្លាមៗនោះនារីរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះ ចំណែកភាគ្គីគោយន្តកន្រ្តៃបានព្យាយាមបើករត់គេច ប៉ុន្តែដោយសមត្តកិច្ចយើងសហការគ្នាបានល្អ ក៍ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងឃាត់ចាប់បាន ដោយឡែក៖ អ្នកបើកបរបានរត់គេចខ្លួនបាត់អស់ ។

លោក បន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងគោយន្តកន្រ្តៃបណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់ខាងលើ មូលហេតុបើកបរក្នុងស្ថានភាពស្រវឹង ខណៈចេញពីផឹកសុីច្រៀងរាំនៅហាង(ខារ៉ាអូខេ)(ពេចជោរ) ហើយនារីរងរបួសត្រូវបានគេបញ្ជូនតាមរយៈរថយន្តឈ្នួលទៅសង្រ្គោះ ចំណែកសាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដោយឡែក៖ វត្ថុតាងម៉ូតូ និងគោយន្តកន្រ្តៃរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើតុំ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរងចាំបន្តនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖